ឯកឧត្តម ឡូយ សុផាត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
ភ្នំពេញ៖ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិកគណ:កម្មការ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណ:កម្មការទី៣ នៃរដ្ឋសភា នៅគេហដ្ឋាន នៃសព ផ្ទះលេខ៧៨៩ ផ្លូវ១០២ ភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឯកឧត្តម ឡូយ សុផាត បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ មរណភាពរបស់ ឯកឧត្តម ខូយ សុខា មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។
ក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម ខូយ សុខា តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ដែលត្រូវជាស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ល្អប្រពៃ ជាអ្នកស្នេហាជាតិ សាសនា និងបានរួមសុខ រួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្ម ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ខូយ សុខា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ខូយ សុខា បានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៧៨៩ ផ្លូវ១០២ ភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៕