នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះសួរសុខទុក្ខកងកម្លាំងមួកខៀវបោសសម្អាតមីន និងពលរដ្ឋក្នុងភូមិសាស្ត្រឃុំកោះស្តេច
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខកងកម្លាំងមួកខៀវបោសសម្អាតមីន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំកោះស្តេច ព្រមទាំងកម្ទេចគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។
នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បានក្រើនរំឮកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានក្នុងភូមិសាស្ត្រកោះស្តេច ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ១វិនាទីរស់ ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនជូនដល់កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការនៅការដ្ឋានកោះស្តេច និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផងដែរ៕