ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលរងខេត្ត គណៈប្រតិភូអមដំណើរអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយក/នាយករងរដ្ឋបាល រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តព្រះសីហនុជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានចំណាយពេលដ៏មានតម្លៃ និងបានសម្របសម្រួលក្នុងកិច្ចពិធីបិទការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ។
ជាកិច្ចបន្ត ឯកឧត្តម អគ្គនាយក មានប្រសាសន៍អំពីបញ្ហាជម្ងឺកូវីដ-១៩ ដោយសារតែអស់រយៈពេលជិត២ឆ្នាំដែលប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ទើបធ្វើឱ្យមានការពន្យាពេលក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុង នៅតាមបណ្តាសវនដ្ឋាន ។ ដោយឡែកនៅដើមឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រង និងទប់ស្កាត់នូវបញ្ហាកូវីដ-១៩បានប្រសើរឡើងវិញ ដោយបើកឱ្យដំណើរការឡើងវិញនូវគ្រប់វិស័យទាំងអស់។
ឯកឧត្តម អគ្គនាយក បានពាំនាំអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់មន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំណុះរដ្ឋបាលខេត្តសីហនុផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម អគ្គនាយក បានលើកឡើងពីតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព មាន៣ចំណុចធំៗរួមមាន៖
១-ការគ្រប់គ្រងបុគ្គលិក
២-ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ដោយមានការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ឱ្យអគ្គនាយកដ្ឋានសវនកម្មផ្ទៃកក្នុង ក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើការតម្លើងឋានន្តរស័ក្តិ ការតម្លើងតួនាទីមន្រ្តីទាំងបីផ្នែក គឺមន្រ្តីរាជការស៊ីវិល មន្រ្តីសន្តិសុខសាធារណៈ និងមន្រ្តីពន្ធនាគារ ឱ្យសមស្របតាមនីតិវិធី មិនលម្អៀង មិនមានប៉ាក់ពួក និងសូមឱ្យមានការលើកទឹកចិត្តលើមន្រ្តីរូបណាដែរមានស្នាដៃល្អក្នុងអង្គភាព ជាការស្នើសុំគ្រឿងឥស្សរិយយស ឬ ប័ណ្ណសសើរជូនដល់មន្ត្រីទាំងនោះ។
ជាថ្មីម្តងទៀត ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាន៍ណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងក្នុងមូលដ្ឋាន អនុវត្តឱ្យបានគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន ។ បន្ថែមពីនេះទៀតក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានដាក់ចេញចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព តាមមូលដ្ឋានទូទាំងប្រទេស។
ជាកិច្ចបញ្ចប់ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីទាំងអស់ ដែលបានជួយសម្រប់សម្រួលក្នុងកិច្ចប្រជុំបិទការងារសវនកម្មនាពេលនេះ ប្រកបដោយភាពរលូន និងសូមជូនពរគណៈអធិបតីក្នុងអង្គប្រជុំទាំងមូល សូមជួបប្រទះតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុង ចាប់ពីពេលនេះតទៅ ៕