ឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងឯកឧត្តម លី រស្មី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគាររដ្ឋបាលសាលាខេត្ត និងចុះកិច្ចសន្យា ស្តីពីគម្រោងសាងសង់ការងារបញ្ចប់អគាររដ្ឋបាលសាលាខេត្ត រវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មហានគរ អេនជីនាវីង អែន ខនស្ត្រាក់សិន ឯ.ក នៅសាលាខេត្ត។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន មហានគរ។
ឯកឧត្តម គួច ចំរើន បានស្វាគមន៍បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសាលាខេត្ត ស្តីពីគម្រោងសាងសង់ការងារបញ្ចប់ អគាររដ្ឋបាលសាលាខេត្ត ដើម្បីពិនិត្យសិក្សាវាយតម្លៃលើតម្លៃបច្ចេកទេសនាពេលកន្លង ហើយថ្ងៃនេះយើងធ្វើការប្រជុំជាមួយគណៈកម្មការបច្ចេកទេស និងក្រុមហ៊ុនសាងសង់ មហានគរ អេនជីនាវីង អែនខនស្ត្រាក់សិន ឯ.ក ដើម្បីឈានទៅចុះកិច្ចសន្យាសាងសង់បញ្ចប់អគារសាលាខេត្ត។ ទន្ទឹមនោះយើងក៏គិតគូគៀគររកថវិកាឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ឆ្លើយតបទៅនឹងកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន មហានគរ នៅពេលដំណើរការសាងសង់ ឱ្យបានទាន់ពេលវេលា។ ដោយសារដំណើរនៃការសាងសង់នាពេលកន្លងមក យើងបានធ្វើការសម្របសម្រួលពិគ្រោះយោបល់រកថវិកាគាំទ្រដំណើរការសាងសង់ឱ្យបានសមស្រប ម្យ៉ាងក្រុមហ៊ុនក៏ត្រូវការថវិកា ដើម្បីយកទៅទិញសម្ភារៈដំណើរការសាងសង់បញ្ចប់ឱ្យរលូន តាមការគ្រោងទុក ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម លី រស្មី ក៏បានចុះពិនិត្យការដ្ឋានសាងសង់អគារសាលាខេត្តព្រះសីហនុ និងបានជម្រុញឱ្យក្រុមការងារពន្លឿនការងារសាងសង់គ្រឿងបង្គំឱ្យបានលឿន ឆាប់ និងទាន់ពេលវេលា ៕