ខេត្តកំពតនាំចេញចេកអំបូងលឿង ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារចិន ជាង២ពាន់តោន ក្នុងមួយខែៗ ផ្តល់ការងារដល់ប្រជាពលរដ្ឋ ជាង២ពាន់នាក់
ចេកអំបូងលឿងដែលកំពុងដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារចិន បានជាង២ពាន់តោន ក្នុងមួយខែៗ រួមនឹងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅតាមផ្សារទំនើប និងភោជនីយដ្ឋាន នានាផងដែរ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត អំឡុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត»។
ឯកឧត្ដម ម៉ៅ ធនិន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុន ចំនួន២ កំពុងវិនិយោគដាំដុះចេកអំបូងលឿង នៅក្នុងខេត្តកំពត ដោយបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណ២ពាន់នាក់។ ចំការចេកនេះ មិនត្រឹមតែផ្តល់ចំណូលពីការនាំចេញទៅទីផ្សារអន្តរជាតិ និងក្នុងស្រុក ព្រមទាំងបង្កើតការងារប៉ុណ្ណោះទេ ថែមទាំង ជាតំបន់ទេសចរណ៍ផងដែរ ដោយមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅទស្សនាពីការដាំចេក នៅតំបន់នោះ។
ឯកឧត្ដមបានគូសបញ្ជាក់ថា ចេកអំបូងលឿងរបស់ខេត្តកំពត ផ្អែមឆ្ងាញ់ ក្រអូប ឆ្ងុយមុត ដោយសារកត្តាបី គឺដីដែលមានជីវជាតិល្អ ទឹកស្រោចស្រពជាប្រភេទទឹកជ្រោះ ដែលគ្មានសារធាតុគីមី និង កត្តាអាកាសធាតុ ដែលធ្វើឱ្យចេកមានពណ៌សម្បុរស្រស់ស្អាត។
បើយោងតាម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា ចេកអំបូងលឿងត្រូវបានដាំដុះ លើផ្ទៃដី ចំនួន១ ០៦៣ ហិកតា ក្នុងនោះ ផ្ទៃដីដែលប្រមូលផលមានចំនួន ៦៦១ហិកតា ដោយទទួលបានទិន្នផលចំនួន៤៣តោន ក្នុងមួយហិកតា ។ ក្នុងមួយឆ្នាំៗ ដំណាំនេះនាំចេញបានប្រមាណ ជាង២០ម៉ឺនតោន។
លោក ចាន់ រិទ្ធិ បានបន្តថា ក្រុមហ៊ុនដែលវិនិយោគលើដំណាំចេកនៅខេត្តកំពតបានចាប់ផ្តើមវិនិយោគ ឆ្នាំ២០១៨ លើផ្ទៃដីជាង៤០០ហិកតា និងបានចាប់ផ្តើមនាំចេញទៅប្រទេសចិន ជាលើកដំបូង នៅឆ្នាំ២០១៩៕