គម្រោងធំៗជាច្រើន នឹងកើតមានឡើង ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ខួបទី១០ឆ្នាំ នៅឆ្នាំ២០២៣នេះ
ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពូន មានរៀបចំពិធីក្រុងពាលី គម្រោង(ភូមិខ្ញុំ) ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។
ដោយមានមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនវិស្វករ ប្រមាណ៦០នាក់។
សូមបញ្ចាក់ដែរថា គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖
១- ផ្ទះមរតកដូនតា
២- ផ្ទះនំខ្មែរ
៣- សាលាឆទាន
៤- ផ្សារខ្មែរ
៥- ឆាកធំ
៦- រោង DJ
៧- វត្ថុយក្ស
៨- រោងសប្បកម្ម
ឯកឧត្ដមប្រធានគម្រាងបានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំលាមទំលាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះដែរឯកឧត្ដមប្រធានក្រុមការងារ បានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយឯកឧត្តមបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀត ធ្វើយ៉ាងណាជម្រុញការសាងសង់ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕