មហោស្រពភាពយន្តចិន “ខ្សែក្រវាត់ និងផ្លូវ” បានចាប់ដំណើរការជាផ្លូវការ
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ មហោស្រពភាពយន្តចិន “ខ្សែក្រវាត់ និងផ្លូវ” ដែល សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងការបរទេសចិន និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចាប់ដំណើរការជាផ្លូវការតាមអនឡាញ។ អ្នកនយោបាយសំខាន់ៗ អតីតអ្នកនយោបាយសំខាន់ៗ និងអ្នកទទួលខុសត្រូវនៃប្រព័ន្ធផ្សព្វផ្សាយចំនួនជាង ៥០ រូប នៃប្រទេសជាង ៤០ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឱ្យមហោស្រពភាពយន្តលើកនេះទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ឆ្នាំ ២០២៣នេះ ជាខួបទី ១០ នៃការដាក់ចេញគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ មហោស្រពភាពយន្តចិនឆ្នាំនេះបានប្រារព្ធធ្វើក្រោមប្រធានបទ “ខ្សែក្រវាត់ និងផ្លូវ “។ ភាពយន្តឯកសារ និងភាពយន្តប្រធានបទពិសេសជាង ៦០ រឿងជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដែលផលិតដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនិងមជ្ឈមណ្ឌលវប្បធម៌ចិននៅក្រៅប្រទេសចំនួនរាប់រយជុំវិញពិភពលោក ដើម្បីរៀបរាប់ពីរឿងរ៉ាវនៃការអភិវឌ្ឍការតភ្ជាប់ និងការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់ និងផ្លូវ” ។
នៅក្នុងពិធីសម្ពោធបើក លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Hu Heping រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោក Shen Haixiong អគ្គនាយកនិងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ព្រមទាំងរួមគ្នាដាក់ឱ្យដំណើរការមហោស្រពភាពយន្តលើកនេះ ៕