គណៈកម្មការទី៧នៃរដ្ឋសភា អបអរសាទរ និងស្វាគមន៍ការមាតុភូមិនិវត្តន៍ នៃវត្ថុបុរាណខ្មែរទាំង ៧៧រូប
ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា បានចូលរួមអបអរសាទរ ប្រកបដោយក្តីមោទនៈ ចំពោះដំណើរត្រលប់មកកម្ពុជាវិញ នូវឈុតគ្រឿងអលង្ការមាស ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។
គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។
ជាមួយគ្នានេះ គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះទង្វើដ៍ថ្លៃថ្លា និងទឹកចិត្តសប្បុរសទាំងអស់របស់ប្រទេសនានា ព្រមទាំងសប្បុរសជនអន្តរជាតិជាច្រើន ដែលបានប្រគល់ដោយស័្មគ្រចិត្តនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន បដិមាថ្ម គ្រឿងអលង្ការ ឆ្អឹងសពបុរាណ ព្រះពុទ្ធបដិមា សិលាស្លឹករឹត និងវត្ថុតូច ធំ មួយចំនួនទៀតជាបន្តបន្ទាប់មកកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ៕