ព្រះព្រហ្មាភិរ័ត្ន កែវ រតនៈ កែវ កន និងឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
ភ្នំពេញ៖ ព្រះព្រហ្មាភិរ័ត្ន កែវ រតនៈ កែវ កន ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ គណៈមហានិកាយ និងឯកឧត្តម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នីតិកាលទី៦ និងជាសមាជិកគណ:កម្មការទី៣ នៃរដ្ឋសភា នៅភូមិពោធិវង្ស (ទួលតាពេវ)ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីបញ្ចុះសពបានប្រារព្ធធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ និងអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯម ប៊ុណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណ:កម្មការទី១ នៃរដ្ឋសភា ឯកឧត្តម សៀង ស៊ុតថង តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាសមាជិកគណ:កម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា ឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក កងកម្លំាងប្រដាប់អាវុធ ក្រសួង ស្ថាប័ន មន្រ្តីរាជការប្រជាពលរដ្ឋ យ៉ាងច្រើនកុះករក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។
ឯកឧត្តម ខូយ រីដា រួមជាមួយអ្នកដែលបានចូលរួមទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់ រូបឯកឧត្តម ខូយ សុខា គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតាប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ “ជាតិ សាសនា ព្រះមហាក្សត្រ” គ្រប់កាលៈទេសៈ និងបានរួមសុខរួមទុក្ខជាមួយបងប្អូនជនជាតិជារៀងរហូត ព្រមទាំងបានធ្វើពលិកម្មដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
សូមជម្រាបជូនថា ឯកឧត្តម ខូយ សុខា បានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕