ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃចន្ទ ០១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Mohamad S. ALHAJRI បានស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមរដ្ឋមន្រ្តីបានធ្វេីការស្វាគមន៍វិនិយោគិនកូវ៉ែតដែលមានបំណងចង់វិនិយោគលេីវិស័យប្រេង និងឧស្ម័ន ដែលបច្ចុប្បន្ន កម្ពុជាមានប្លុក offshore ចំនួន០៤ និងប្លុក onshore ចំនួន១៨ ទៀតដែលស្វាគមន៍ការវិនិយោគ។
លេីសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តីបានលេីកទឹកចិត្តអោយមានការវិនិយោគលេីវិស័យថាមពល និងធនធានរ៉ែផងដែរ ព្រោះបច្ចុប្បន្នយេីងអាចធ្វេីការងារបានគ្រប់ទីកន្លែង មិនថាក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Mohamad S. ALHAJRI ក៏បានសម្តែងនូវការកោតសរសើរដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ក្នុងវិស័យប្រេង និងឧស្ម័នដល់និស្សិតកម្ពុជា ព្រមទាំងបេីកឱកាសការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ដេីម្បីអោយទទួលបានបទពិសោធន៍ការងារពីជំនាញនេះនៅប្រទេសកូវ៉ែតផងដែរ ៕