គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុកគណៈកម្មការ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម សរ ចំរុង បានជម្រាបជូនអាជ្ញាធរសាលាខេត្តកំពង់ឆ្នាំងពីគោលបំណងបេសកកម្មរបស់គណៈកម្មការ មកកាន់សាលាខេត្តនាពេលនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យទទួលបន្ទុករបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់សាលាខេត្តកំពង់ឆ្នាំង ពិសេសបញ្ហាដីធ្លីក៏ដូចជាបញ្ហាប្រឈមដែលសាលាខេត្តបានជួបប្រទះ ដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា ។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមមាន៖ លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មាការទី៩ នៃរដ្ឋសភា លោកជំទាវ កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្ដម ឌួង សូវ៉ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងផងដែរ ៕