បើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិករោងចក្រចំនួន២៣នាក់ នៅក្រុងបាត់ដំបង ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ
បាត់ដំបង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមសំណូមពររបស់ថ្នាក់ដឹកនាំរោងចក្រមុទិតា ថេកស្តាយសូសល អេនធើប្រាយ៍ (Mutita Textile Social Enterprise Co.Ltd) ដែលកំពុងដំណើរការបណ្តុះបណ្តាលមុខជំនាញតម្បាញដល់ជនមានពិការភាព ស្ថិតនៅសង្កាត់រតន: ក្រុងបាត់ដំបង សំដៅការពារអាយុជីវិតទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងផែនការងារបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ និងលោកវរសេនីយ៍ទោ លឹម ប៉ោសេង ស្នងការរងជំនួយការដឹកនាំការិយាល័យជំនាញអគ្គិភ័យ ដែលមានលោកវរសេនីយ៍ត្រី សេន ភារម្យ ជានាយការិយាល័យ (ស្តីទី) បានចាត់មន្ត្រីជំនាញជាគ្រូបង្គោល ក្នុងការិយាល័យនគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ ទៅបើកវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងក្នុងការបង្ការ និងពន្លត់អគ្គីភ័យរយៈពេលខ្លីដល់បុគ្គលិករោងចក្រខាងលើ ដោយក្នុងនោះមានអ្នកចូលរួមសរុបចំនួន ២៣ នាក់ ស្រី១៦នាក់។
គោលបំណងនៃវគ្គសិក្សានេះផ្អែកលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្ដែង ដូចខាងក្រោម៖ -យល់ដឹងពីស្ថានភាពទូទៅនៃអគ្គិភ័យដែលកើតឡើង ។ -ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ។ -វិធីពន្លត់សាមញ្ញ និងវិធីសាស្ត្រដោយប្រើបំពង់ពន្លត់អគ្គិភ័យទៅលើធុងហ្គាស និងប្រេងឥន្ធនៈ ។ -របៀបសង្គ្រោះជនរងគ្រោះចេញពីគ្រោះថ្នាក់អគ្គិភ័យ…។ល។
វគ្គសិក្សានេះត្រូវបានបញ្ចប់នៅថ្ងៃដដែល បន្ទាប់ពីសិក្ខាកាមក្នុងវគ្គសិក្សាបានធ្វើសកម្មភាពអនុវត្តជាក់ស្តែងនូវមុខជំនាញមួយចំនួន និងបានថតរូបអនុស្សាវរិយ៍ជាមួយគ្នាផង៕