មេទ័ពជើងគោក៖ ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗ ក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាន នៃគោលការណ៍ ៣
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ។
ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ នាថ្ងៃទី២២ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញ ឱ្យការចម្រាញ់ធនធានមនុស្ស កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរួមមានដូចខាងក្រោម៖
ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម ។ល។
ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។
ទី៣. គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឱ្យរាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព ៕