កិច្ចពិភាក្សាជាក្រុម នៃអង្គសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុមពិភាក្សាជា ៦ក្រុម ដើម្បីពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។
ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែងចែក និងណែនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងនោះ ក្រុមពិភាក្សានីមួយៗ បានពិភាក្សាលើប្រធានបទដែលអង្គសន្និបាតបានកំណត់ជូនតាមក្រុមនីមួយ ជាមួយគ្នានេះដែរ សមាជិកម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេល ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗ មានសមាសភាពប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ។
ក្រុមពិភាក្សានៃអង្គសន្និបាតទាំង៦ រួមមាន៖
-ក្រុមពិភាក្សាទី១ ដឹកនាំដោយ ឯកឧត្តម សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងការងារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដែលមានខ្លឹមសារ រួមមាន៖ ការងារសន្តិសុខ, ការងារប្រយុទ្ធប្រឆាំងបទល្មើស, ការងារសណ្ដាប់ធ្នាប់សាធារណៈ និងការងារពង្រឹងគុណភាពការងារនគរបាល និងសហគមន៍។
-ក្រុមពិភាក្សាទី២ ដឹកនាំដោយឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងទីស្ដីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលមានខ្លឹមសារ រួមមាន៖ វាយតម្លៃសមិទ្ធផល បញ្ហាប្រឈម ក្នុងការបំពេញការងារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាក្នុងទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តមុខងារវិស័យសុខាភិបាល ដែលបានប្រគល់ឱ្យរដ្ឋបាលរាជធានី ខេត្ត, បញ្ហា និងដំណោះស្រាយនៃការអនុវត្តមុខងារសេវាសង្គមនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការសម្របសម្រួល និងការលើកកម្ពស់ភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
-ក្រុមពិភាក្សាទី៣ ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការផ្ដល់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋ។ ដែលមានខ្លឹមសារ រួមមាន៖ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការចក្រចេញចូលតែមួយ, វឌ្ឍនភាព បញ្ហាប្រឈម និងការដោះស្រាយបណ្តឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋតាមការិយាល័យប្រជាពលរដ្ឋ, ការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន, វឌ្ឍនភាព បញ្ហាប្រឈមក្នុងការដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
-ក្រុមពិភាក្សាទី៤ ដឹកនាំដោយឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការងារអន្ដោប្រវេសន៍។ ដែលមានខ្លឹមសារ រួមមាន៖ ការគ្រប់គ្រងដំណើរចេញ-ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិ និងវិធានការទប់ស្កាត់ការជ្រៀតចូលខុសច្បាប់របស់ជនបរទេស, បទពិសោធន៍នៃការអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងកិច្ចសហការក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស។
-ក្រុមពិភាក្សាទី៥ ដឹកនាំដោយឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ពិភាក្សាលើប្រធានបទ ការងារអត្តសញ្ញាណកម្ម។ ដែលមានខ្លឹមសារ រួមមាន៖ តើការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ក្នុងរយៈពេលកន្លងមក មានការប្រឈមអ្វីខ្លះ?, តើការចុះបញ្ជីមរណភាព ជាកាតព្វកិច្ច ជាសកល ជាប់លាប់ និងអចិន្ត្រៃយ៍?, បញ្ហាប្រឈម និងដំណោះស្រាយក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា។-ក្រុមពិភាក្សាទី៦ ដឹកនាំដោយឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការ ពិភាក្សាលើប្រធានបទ ការងារពន្ធនាគារ។ ដែលមានខ្លឹមសារ រួមមាន៖ វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងពន្ធនាគារ, ការគ្រប់គ្រងជនជាប់ឃុំតាមចំណាត់ថ្នាក់សន្តិសុខ និងប្រភេទជនជាប់ឃុំ ការគ្រប់គ្រងជនជាប់ឃុំបទល្មើសគ្រឿងញៀន និងជនជាប់ឃុំដែលមានជំងឺឆ្លងដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សុខភាពពន្ធនាគារ និងដំណើរការធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសហគមន៍វិញ។
សូមជម្រាបជូនថា ក្នុងការពិភាក្សាក្រុមនីមួយៗត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។ បន្ទាប់មក បន្តការពិភាក្សាលើប្រធានបទដែលបានកំណត់សម្រាប់ក្រុមពិភាក្សានីមួយៗ ដែលលើកឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ រួមទាំងសំណូមពរនានាផងដែរ។
លើសពីនេះទៀត ក្រុមការងារ នឹងបន្តធ្វើជារបាយការណ៍លម្អិតពីលទ្ធផលនៃកិច្ចពិភាក្សាតាមក្រុមនីមួយៗ ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់មតិបូកសរុប និងមានមតិផ្តាំផ្ញើសម្រាប់ដឹកនាំជាទិសដៅសម្រាប់អនុវត្តការងារបន្ត៕