រដ្ឋមន្រ្តីពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា។
ជំនួបពិភាក្សានេះ ក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ដែលបានចូលរួមក្នុងកិច្ចជំនួបពិភាក្សានេះ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃអង្ករ ដែលកត្តាទាំងនេះគឺជាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុង ទីផ្សារសហភាពអឺរ៉ុប។
ជាកិច្ចបន្ទាប់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកស្រូវ-អង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជាបានរាយការណ៍ពីសក្តានុពលនៃទីផ្សារនាំចេញស្រូវ-អង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារសហភាពអឺរ៉ុប។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថាសហព័ន្ធស្រូវ-អង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតភាពជាដៃគូ កាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសស្វែងយល់ពីវិស័យស្រូវ-អង្ករកម្ពុជា ក៏ដូចជាពីទីផ្សារអង្ករនៅសហភាពអឺរ៉ុប។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវ-អង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត៕