លោកជំទាវ មិថុនា ភូថង ស្វាគមន៍ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក្នុងជំនួបពិភាក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹង វិស័យជាសមត្ថកិច្ច
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិភូ ក្នុងជំនួបពិភាក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថានាងខ្ញុំក៏សូមយកឱកាសនេះ ដើម្បីរាយការណ៍ជូន ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការ និងគណៈប្រតិភូ បានជ្រាបដោយសង្ខេបនូវរបាយការណ៍ ស្តីអំពីវឌ្ឍនភាពការងារពាក់ព័ន្ធ វិស័យការងារផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានដូចតទៅនេះ ៖
I.ស្ថានភាពទូទៅ អំពីភូមិសាស្ត្រ និងប្រជាសាស្ត្ររបស់ខេត្តកោះកុង ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨គីឡូម៉ែត្រការ៉េ ចែកជា ៧ក្រុង ស្រុក មាន២៩ឃុំ សង្កាត់ ស្មើនឹង១១៩ភូមិ។
នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៤.៥៦៨គ្រួសារ មានប្រជាជនសរុប ១៤៧.៨៣១នាក់ ក្នុងនោះ ស្រី ៧៤.០៤៧នាក់ មានដង់ស៊ីតេប្រជាជន ១៤នាក់/គីឡូម៉ែត្រក្រឡា។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់។
ចំពោះសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តតាមគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានអនុវត្តយ៉ាងល្អប្រសើរ ដោយបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានយ៉ាងល្អប្រសើរដោយពុំមានបញ្ហាអសន្តិសុខអ្វីកើតមានឡើយ។
តាមរយៈសកម្មភាពរបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា និងដោយមានកិច្ចសហការ ជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការដោះស្រាយបញ្ហាប្រឈម មានភាពល្អប្រសើរ។
សមិទ្ធផលនានារបស់ រដ្ឋបាលខេត្ត ក្នុងរយៈពេល ០៥ឆ្នាំ (២០១៨-២០២៣) ដែលសម្រេចបានដូចបច្ចុប្បន្ននេះ គឺដោយសារបានក្រុមការងារថ្នាក់ជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងក្រុមការងារគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុតមាំក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហការល្អ និងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយ បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានខិតខំពុះពារជម្នះបញ្ហាប្រឈមជាច្រើន និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធរួមមាន ក្រុមការងារខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព បានអនុវត្តដោយជោគជ័យ នូវផែនការអភិវឌ្ឍន៍របស់ខ្លួន និងសម្រេចបានសមិទ្ធផលសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ការងារផែនការ
-ផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (២០២០-២០២៤) និងបានរៀបចំធ្វើបច្ចុប្បន្នភាពកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ចំនួន៣លើករួចមកហើយ និងកំពុងដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥) ជំហាន២ សកម្មភាពទី២
-សម្របសម្រួលរៀបចំពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ រៀបចំផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ក្រុង ស្រុក
-សម្របសម្រួលបច្ចេកទេសដំណើរការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំសង្កាត់ ដែលទើបប្រកាសសុពលភាពចូលកាន់តំណែង អណាត្តិទី៥
-រៀបចំជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១
-ធ្វើបច្ចុប្បន្នភាព ទិន្នន័យគ្រួសារក្រីក្រ និងជនងាយរងគ្រោះជាប្រចាំ(ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ) បានចំនួន៨.៩៣៥គ្រួសារ ក្នុងនោះ គ្រួសារ(ក្រ១) មានចំនួន ៣. ៣៩០គ្រួសារ និងគ្រួសារ(ក្រ២)មានចំនួន ៥.៥៤៥គ្រួសារ និងបានកំណត់អត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យបាន ចំនួន២.៣៤៥គ្រួសារ ក្នុងឆ្នាំ២០២២។
២-ការងារវិនិយោគ : ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រ បច្ចុប្បន្នខេត្តកោះកុង មានក្រុមហ៊ុនជាច្រើន បានដាក់ទុនវិនិយោគដូចខាងក្រោម៖-ក្រុមហ៊ុន ដែលបានវិនិយោគទៅលើវិស័យដំណាំកសិកម្ម-ឧស្សាហកម្ម និងដំណាំកៅស៊ូ មានចំនួន៦ក្រុមហ៊ុន
-ក្រុមហ៊ុនដែលវិនិយោគលើវិស័យទេសចរណ៍មានចំនួន ១០ក្រុមហ៊ុន
-ក្រុមហ៊ុនដែលបានវិនិយោគលើវិស័យថាមពលមានចំនួន ០៤ក្រុមហ៊ុន៖
-ការវិនិយោគជាតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ០៤ទីតាំង -តំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុនអិលវ៉ាយភីគ្រុប (LYP Group) មានរោងចក្រចំនួន៦ កំពុងដំណើរការរាល់ថ្ងៃ
-តំបន់សេដ្ឋកិច្ចពិសេស កែវ ស៊ួយឆេង ស្ថិតនៅជាប់តំបន់សេដ្ឋកិច្ចពិសេសកោះកុង
-តំបន់សេដ្ឋកិច្ចពិសេសកោះកុង អេស អ៊ី ហ្សិត (Koh Kong SEZ Co., LTD)
-តំបន់សេដ្ឋកិច្ចពិសេសជ្រោយស្វាយ ស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង របស់ក្រុមហ៊ុនឆក់កំពង់សោម។
៣-ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ការបង្កបង្កើនផល ខេត្តកោះកុងមានផ្ទៃដីសម្រាប់ដាំដុះដំណាំជាលក្ខណៈគ្រួសារសរុបចំនួន ៣៩.៣០០ហ.ត ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះប្រជាកសិករបានដាំដំណាំផ្សេងៗដូចជា ស្រូវ បានចំនួន៥០.៤៤៣ហិតា ដំណាំស្បៀងរួមផ្សំបានចំនួន១.៨៣៨ហិកតា និងមានបរិមាណផលនាំចេញសរុបលើដំណាំអចិន្ត្រៃយ៍ចំនួនប្រមាណ ៣៧.៣២០តោន។
-ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងកសិដ្ឋាន៖ ក្នុងរយៈពេល៥ឆ្នាំនេះ ប្រជាកសិករ បានចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងដោះដូរទៅកាន់ទីផ្សារ បានដូចខាងក្រោម សត្វគោ សរុបចំនួន៤៦.៤៤៦ក្បាល សត្វក្របី សរុបចំនួន៥៣.២៤៤ក្បាល សត្វជ្រូក សរុបចំនួន៤៥.០៥៨ក្បាល។
-ការប្រមូល និងកែច្នៃផលនេសាទ ការប្រមូលផលនេសាទទឹកសាបបានចំនួន២.៦៤៤តោន ការប្រមូលផលនេសាទសមុទ្របានចំនួន២៥០.៨១៩តោន ទឹកត្រីផលិតបានចំនួន ២៤១.៨៨០លីត្រ
-ការថែទាំកូនឈើ និងដាំកូនឈើ ក្នុងរយៈកាល៥ឆ្នាំនេះ ខេត្តកោះកុងបានបណ្តុះកូនឈើ និងថែទាំបានចំនួន ៣៣.០៥៤ ដើម ក្នុងនោះ បានបណ្តុះកូនឈើក្នុងសហគមន៍បាន៨.៣៨០ដើម។
-ការងារកៅស៊ូ ផ្ទៃដីដាំកៅស៊ូគ្រួសារ មានចំនួនសរុប ១.៦៤៩,៤ ហិកតា ផ្ទៃដីប្រមូលផល មានចំនួនសរុប ១.៣២៩,៤ ហិកតា
-តំបន់អភិរក្សធនធានជលផលមានចំនួន ១១ កន្លែង៖ តំបន់អភិរក្សអណ្តើកហ្លួង និងក្រពើត្រី មានទំហំ២.៨១៨ហ.ត នៅស្រុកស្រែអំបិល តំបន់អភិរក្សគ្រែងឈាម មានទំហំ៤០០ហ.ត នៅឃុំថ្មស ស្រុកបូទុមសាគរ តំបន់អភិរក្សក្តាមជ័រ មានទំហំ៥០ហ.ត នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ តំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប មានទំហំ១.២៨៣ហ.ត នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ។
-ការងារដែននេសាទ បានដាំកូនកោងកាងបានចំនួន ៣៧៣.០០០ដើម លើផ្ទៃដី ៣៧,៣០ហ.ត និងបណ្តុះកូនកោងកាងបានចំនួន ៩១.២០០ដើម(នៅឃុំជ្រោយស្វាយ ឃុំជីខក្រោម ឃុំអណ្តូងទឹក និងឃុំថ្មស)។
-ការងារវារីវប្បកម្ម ការចិញ្ចឹមត្រីសមុទ្រ តាមបែ មានចំនួន ១៥៩បែ មានផ្ទៃក្រឡា ១.៣៩៥ម៉ែត្រការ៉េ ការចិញ្ចឹមត្រីសមុទ្រ តាមស្រះ មានចំនួន ៦ស្រះ មានផ្ទៃក្រឡា ១៥.០០០ម៉ែត្រការ៉េ ការចិញ្ចឹមគ្រំ និងគ្រែងឈាមតាមបែបវិបុលវប្បកម្ម រួមមាន ចិញ្ចឹមគ្រំចំពុះទា មានចំនួន៣កន្លែង ស្ថិតនៅឃុំពាមក្រសោប ឃុំកោះកាពិ និងឃុំជ្រោយប្រស់។
-សមាគមកែច្នៃផលិតផលជលផលក្នុងខេត្តមានចំនួន៣កន្លែង សមាគមបង្គាក្រៀមមានចំនួន២ នៅឃុំពាមក្រសោបចំនួន១ និងនៅឃុំថ្មសចំនួន១ សមាគមផលិតទឹកត្រី មានចំនួន១ នៅឃុំជីខក្រោម ស្រុកស្រែអំបិល។
៤-ការងារធនធានទឹក និងឧតុនិយម
ក្នុងរយៈកាល៥ឆ្នាំកន្លងមកនេះ មន្ទីរធនធានទឹក និងឧតុនិយម បានជួសជុលទំនប់ការពារទឹកប្រៃចំនួន៥កន្លែង ប្រវែង២៦.៨៥០ម៉ែត្រ ស្តារប្រឡាយចំនួន៣ខ្សែ ប្រវែង១៥.០៥០ម៉ែត្រ និងថែទាំទំនប់ការពារទឹកប្រៃជាប្រចាំ។
៥-ការងារអភិវឌ្ឍន៍ជនបទ ចំពោះការងារអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មន្ទីរអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកិច្ចការវិស័យរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដោយបានចែកបង្គន់អនាម័យ ចំនួន ១.០៩៣បង្គន់ សាងសង់អណ្តូងទឹកបានចំនួន ២០អណ្តូង ជីកស្រះទឹកបាន ចំនួន៣ សាងសង់ប្រព័ន្ធចែកចាយទឹកបានចំនួន២កន្លែង បានថែទាំផ្លូវលក្ខណៈប្រចាំ និងលក្ខណៈខួប បានចំនួន៣៤៥.១៤០ម៉ែត្រ ថែទាំនិងជួសជុលផ្លូវបន្ទាន់បានចំនួន៣០.៩៥០ម៉ែត្រ និងបានសាងសង់លូប្រអប់ និងលូមូលបានចំនួន១២កន្លែង។
៦-ការងារបរិស្ថាន ចំពោះការងារបរិស្ថាន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មន្ទីរបរិស្ថានខេត្ត បានខិតខំប្រឹងប្រែងអនុវត្តកិច្ចការវិស័យរបស់ខ្លួនដោយបានធ្វើការត្រួតពិនិត្យ និងការពារ តំបន់ការពារធម្មជាតិចំនួន១០តំបន់ សហការរៀបចំឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន៤ក្រុមហ៊ុន បង្កើតទីលានចាក់សំរាមចំនួន៣កន្លែង សាងសង់ស្នាក់ការឧទ្យានុរក្សបានចំនួន៥ខ្នង សាងសង់បង្គន់អនាម័យចំនួន ៦៧០កន្លែង អណ្តូងលូចំនួន១០០ អណ្តូងស្នប់ចំនួន៣៨ ជីកស្រះទឹកទំហំ៨០ម៉ែត្រ គុណ១០០ម៉ែត្រ ចំនួន១កន្លែង សាងសង់ទំនប់ការពារទឹកប្រៃ២កន្លែង ដាំស្តារកូនកោងកាងបានចំនួន៩២៧.២៩០ដើម បោះបង្គោលព្រំដីអភិរក្ស និងព្រំដីសហគមន៍បានចំនួន១.២៨៩ដើម។II.បញ្ហាប្រឈម
-ជំងឺកូវីដ-១៩ នៅតែបន្តជាបញ្ហាប្រឈមលើសុខភាពសាធារណៈ និងសុខមាលភាពប្រជាជន ក៏ដូចជាសកម្មភាពសង្គម-សេដ្ឋកិច្ច
-ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សម្រាប់សកម្មភាពសេដ្ឋកិច្ចពីជនបទ មកទីប្រជុំជននៅតែជាបញ្ហាប្រឈម ដោយសារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវខូចខាតដោយគ្រោះធម្មជាតិ ដែលត្រូវការជួសជុល និងថែទាំឱ្យបានទាន់ពេលវេលា ការគោរពច្បាប់ចរាចរណ៍ ទាមទារឱ្យមានការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពថែមទៀត កត្តាគ្រោះថ្នាក់ចរាចរនៅតែជាកត្តាប្រឈមចំពោះសុវត្ថិភាពនៃអ្នកធ្វើដំណើរ
-នៅមានបញ្ហាទំនាស់ដីធ្លី ការកាន់កាប់ ការទន្ទ្រានដីព្រៃឈើ ព្រៃលិចទឹករបស់រដ្ឋយកជាកម្មសិទ្ធិឯកជន និងការគ្រប់គ្រងកាកសំណល់ ការយល់ដឹងជាសាធារណៈ អំពីអនាម័យបរិស្ថាន ការចោលសំរាម ថង់ផ្លាស្ទិក ការថែរក្សាបាននូវសោភ័ណភាពនៅមានកម្រិតនៅឡើយ។
III.វិធានការដោះស្រាយ និងទិសដៅការងារ
-ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ឱ្យសម្រេចបានកំណើនខ្ពស់ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលឱ្យបានយ៉ាងតិច ១%ក្នុងមួយឆ្នាំ
-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ប្រភេទទាំងផ្លូវទីប្រជុំជន និងផ្លូវជនបទ ពង្រឹងការគ្រប់គ្រងការងារថែទាំផ្លូវថ្នល់ បន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវជនបទជាជំហានៗ ពីផ្លូវក្រាលក្រួសក្រហមមកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង
-បង្កើនការគ្រប់គ្រង អភិរក្ស ការពារការអភិវឌ្ឍធនធានជលផល ព្រៃឈើប្រកបដោយនិរន្តរភាព
-បន្តពង្រឹងអនុវត្តច្បាប់ស្តីពីបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹង រាវ ទប់ស្កាត់រាល់សកម្មភាព បំផ្លាញគុណភាពបរិស្ថាន យកចិត្តទុកដាក់វាយតម្លៃឲ្យបានហ្មត់ចត់នូវហេតុប៉ះពាល់បរិស្ថាន ៕