ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសំណេះសំណាល និងនាំយកអំណោយបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភ ជូនក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ថវិកា មួយចំនួនទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ជាមួយនេះដែរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវត្រៀមឯកសារគ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់ពេញចិត្ត ពិសេសគណបក្សដែលរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឲ្យបានគ្រប់ៗគ្នា ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន។ ដោយឡែកបងប្អូនអតីតយុទ្ធជន ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះចំនួន១០០នាក់ ផ្សេងទៀត ក៏បានទទួលថវិកាមួយចំនួនផងដែរ ៕