កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌសហការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឃាតកម្មលើប្រពន្ធនៅ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ សំណុំរឿងប្ដីអនិកជនសម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន សហការចាប់ខ្លួនជនដៃដល់បានពេលកំពុងធ្វើដំណើរទៅក្រុងបាងកក។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មូល ណេត ភេទប្រុស អាយុ70ឆ្នាំ នៅត្រង់ចំណុចផ្ទះលេខ11A ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពដោយខ្ទប់ច្រមុះ និងច្របាច់.កសម្លាប់ជនរងគ្រោះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានទទួលបានដំណឹងថា ជនសង្ស័យគេចចាកចេញទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់មកនាយកដ្ឋានព្រហ្មទណ្ឌបានសហការដឹកនាំជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងជាមួយអាជ្ញាធរថៃ បានឃាត់នាំខ្លួនជនសង្ស័យខណៈកំពុងធ្វើដំណើរតាមតាក់ស៊ីនៅទីក្រុងបាងកក ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕