ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ ការបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅស្នាក់នៅ មេគ្រួសារត្រូវបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់អំពីការបន្ថែមសមាជិក ឬលុបចេញក្នុងសៀវភៅស្នាក់នៅ។
១. ការបន្ថែមសមាជិកក្នុងសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំបន្ថែមសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
– កូនទើបកើតត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
– ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជាមួយសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
– ផ្លាស់ចូលត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
– ចេញពីពន្ធនាគារត្រូវមានសាលក្រមដោះលែងពីតុលាការ និងដីកាដោះលែងពីពន្ធនាគារ
– សមាជិកគ្រួសារខ្មែរដែលវិលត្រឡប់មកពីក្រៅប្រទេសត្រូវមានលិខិតបញ្ជាក់អំពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។
២. ការលុបឈ្មោះចេញពីសៀវភៅស្នាក់នៅ មេគ្រួសារ ឬអ្នកតំណាងត្រូវស្នើសុំលុបឈ្មោះសមាជិកមកមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយមានការបញ្ជាក់អំពីមូលហេតុនៃការស្នើសុំ និងភ្ជាប់ឯកសារណាមួយមានដូចខាងក្រោម៖
– ស្លាប់ត្រូវមានសេចក្តីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព
– ផ្លាស់ចេញត្រូវមានលិខិតអនុញ្ញាតផ្លាស់ប្តូរលំនៅឋាន
– ជាប់ពន្ធនាគារ ត្រូវមានសាលក្រមផ្តន្ទាទោស
– ផ្តាច់សមគ្គសង្វាស ត្រូវមានសាលក្រមលែងលះ
– កូនដែលត្រូវឪពុក ម្តាយកាត់កាល ត្រូវមានសាលក្រមកាត់កាល
– ពលរដ្ឋខ្មែរលះបង់សញ្ជាតិ ត្រូវមានព្រះរាជក្រឹត្យលះបង់សញ្ជាតិខ្មែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបន្តថា សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន ៕