សពកងទ័ពមួកខៀវកម្ពុជាម្នាក់ បានបញ្ជូនមកដល់មាតុប្រទេសវិញ ក្រោយពលីជីវិតនៅប្រទេសម៉ាលី
ភ្នំពេញ៖ សពកងទ័ពមួកខៀវកម្ពុជាម្នាក់ បានបញ្ជូនមកដល់មាតុប្រទេសវិញ ក្រោយពីបានពលីជីវិតអំឡុង បំពេញបេសកកម្ម ថែរក្សាសន្តិភាព នៅតំបន់តេសសាលីត ប្រទេសម៉ាលី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីទទួលសព លោក ភឿក ជីវ័ន្ត ជានាយទាហាននៃកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានទទួលមរណភាព ដោយបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ អំឡុងបំពេញបេសកកម្ម ថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ តាមក្បួនកងទ័ព និងតាមវិធីព្រះពុទ្ធសាសនា ដោយមានការនិមន្តពីព្រះសង្ឃ និងក្រុមគ្រួសារ នៃសព ក្រោយពីបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម៉ោងជាង១២យប់ ថ្ងៃទី២៨ ខែកុម្ភៈ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមថ្នាក់ដឹកនាំ បានសម្តែងការ សោកស្តាយចំពោះ បាត់បង់វីរជន១រូប ដែលមានចំណេះជំនាញវិស្វកម្មក្នុងបេសកកម្ម ជាមេបញ្ជាការរងនៃកងវិស្វកម្ម ព្រលានយន្តហោះ។ សពត្រូវបានដង្ហែតាមក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ទៅកាន់ទីលំនៅឋាន ថិតក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីធ្វើបុណ្យតាមប្រពៃណី។
កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ នាទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako ប្រទេសម៉ាលី ក៏បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួម ពីសំណាក់តំណាងពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិ មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជា បានស្លាប់ចំនួន១១រូប និងអ្នកធ្លាប់រងរបួស មាន១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ ខណៈចាប់តាំងពីឆ្នាំ ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ចូលរួម ក្នុងបេសកកម្មរក្សាសន្តិភាពជាង៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អ្រាហ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និង យេម៉ែន។