លោកជំទាវមឹន មាណវី ណែនាំឱ្យក្រុមការងារសមាគមនារីក្រសួងសាធារណការ រៀបចំធ្វើរបាយការណ៍ការចំណូល-ចំណាយឱ្យមានតម្លាភាព
ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសមាគមនារីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមការងារសមាគមនារីក្រសួងសាធារណការរៀបចំធ្វើរបាយការណ៍ការចំណូល-ចំណាយឱ្យមានតម្លាភាព។
ការណែនាំរបស់លោកជំទាវបែបនេះធ្វើឡើង កាលពីពេលថ្មីៗនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំពិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងនារីមកពីអង្គភាពក្រោមឱវាទក្រសួង ស្ត្រីជាអគ្គនាយករង និងជាប្រធាន-អនុប្រធាននាយកដ្ឋានផងដែរ។
អង្គប្រជុំបានពិភាក្សាលើការកំណត់កាលបរិច្ឆេទរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី១១២ នៃទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ការបែងចែកតួនាទីភារកិច្ចគណ:កម្មការ អនុគណ:កម្មការរៀបចំប្រារព្ធពិធី និងសមាសភាពចូលរួមជានារីពីតំណាងអង្គភាព និងស្ថាប័នផ្សេងៗប្រមាណជាង៤៥១រូប។
ថ្លែងក្នុងចំណាប់អារម្មណ៍នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារសមាគមនារីក្រសួងរៀបចំធ្វើរបាយការណ៍ការចំណូល-ចំណាយឱ្យមានតម្លាភាព និងត្រៀមរៀបចំថវិការសម្រាប់ការរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខាងមុខឱ្យមានភាពល្អប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរដល់ក្រុមការងារសមាគមនារីក្រសួង ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងអនុវត្តផែនការសកម្មភាពការងារកន្លងមក និងបានណែនាំឱ្យតំណាងជាស្ត្រីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង រៀបចំបូកសរុបរបាយការណ៍លទ្ធផលការងារឱ្យបានរួចរាល់ ដើម្បីត្រៀមចូលរួមអបអរពិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការចាក់បញ្ចាំងជាវីដេអូខ្លីស្ដីពីផែនការសកម្មភាពការងាររបស់នារី និងផ្ដល់ជូនជាវត្ថុអនុស្សាវរីយ៍ជូនដល់លោកជំទាវថ្នាក់ដឹកនាំ និងតំណាងនារីមកពីអង្គភាពនានានៅថ្ងៃប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃទី០៦ មីនា ឆ្នាំ២០២៣៕