មនុស្សជំនិត កឹម សុខា ប្រកាសប្រឆាំងដាច់ខាតចំពោះជនណា មានចេតនាបង្កចលាចល ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ដោយទុច្ចរិត តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ
ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានប្រកាសមិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាក៏ដោយ ដែលមានចេតនា ឬបំណងបង្កចលាចល ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ដោយទុច្ចរិត តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ មីនានេះ លោក មុត ចន្ថា បានថ្លែងថា ឯកឧត្តម កឹម សុខា តែងតែរក្សាជំហរស្ងប់ស្ងាត់ មិនបង្កជម្លោះ អហិង្សា និងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ក្នុងរយៈពេល ៥ឆ្នាំ និង ៦ខែ មកនេះ ក្នុងការតតាំងក្តីក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការ ចោទប្រកាន់ដោយអយុត្តធម៌។
លោកបន្តថា ឯកឧត្តម កឹម សុខា តែងតែទូន្មានដល់អ្នកគាំទ្រ និងអ្នកមានសមានចិត្តជាមួយលោក ឱ្យស្ថិតនៅឱ្យឆ្ងាយពីក្រុមណាដែលបង្កជម្លោះ បង្កអអស្ថិរភាព និងអសន្តិភាពដល់សង្គម។ ដូច្នេះ ការណ៍ដែលចោទលាបពណ៌ថាមានអ្នកនេះ ឬអ្នកនោះបង្កចលាចលក្នុងថ្ងៃប្រកាសសាលក្រម គឺជាអំពើចោទលាបពណ៌ខ្មែរគ្នាឯង ដោយចេតនាទុច្ចរិត។
លោកបញ្ជាក់ថា «ឯកឧត្តម កឹម សុខា នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ យើងមិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាក៏ដោយ ដែលមានចេតនា ឬបំណងបង្កចលាចល ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ដោយទុច្ចរិត តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ» ៕