**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

រចនាសម្ព័ន្ធច្បាប់សម្រាប់ លោកកឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ស្អែកនេះសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេសរបស់លោក កឹម សុខា បន្ទាប់ពីបានស៊ើបអង្កេត និងការបើកសវនាស្របតាមនីតិវិធីច្បាប់រួចមក។ ថាតើនឹងអាចមានរចនាសម្ព័ន្ធអ្វីកើតឡើងខ្លះ ជុំវិញសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ចៅចាក់ស្មុកសាកល្បងគិតពីរចនាសម្ព័ន្ធមួយចំនួន ដែលអាចនឹងកើតឡើងដើម្បីជាការពិចារណា៖

លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូនៃការធ្វើបដិវត្តពណ៌ នៅយូហ្គូស្លាវី-ស៊ែរប៊ី ដែលជាប្រភេទបទល្មើសក្បតិជាតិ មានចែង និងផ្តន្តាទោសដោយមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានស៊ើបអង្កេត និងស៊ើបសួរអស់រយៈពេលប្រមាណជា២ឆ្នាំ, រឿងក្តីក្តាំនេះ ត្រូវបានបើកសវនាការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែ ដោយមានសំណូមពរពីមេធាវីជនជាប់ចោទ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី, សវនាការនេះ ត្រូវបានផ្អាកទៅវិញអស់មួយរយៈកាលធំ ដោយសារតែមានការផ្ទុះឆ្លងរាលដាលនៃជំងឺរាតត្បាតសកល កូវីដ-១៩។

ជាសរុបសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នេះ បានដំណើរការទៅអស់ចំនួន៦៦លើក ដោយរួមទាំងសវនាការលើកចុងក្រោយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ផងដែរ។ សវនាការលើកចុងក្រោយនេះ ជាសវនាការមួយដ៏សំខាន់មួយ ដែលភាគីទាំងអស់នៃរឿងក្តីនេះ រួមមាន មេធាវីដើមបណ្តឹងរដ្ឋប្បវេណី, មេធាវីជនជាប់ចោទ និង តំណាងអយ្យការ ត្រូវបានផ្តល់សិទ្ធិតាមច្បាប់ ដើម្បីធ្វើសេចក្តីសន្និដ្ឋាន សរុបបញ្ចប់ការពារខ្លួនរៀងៗខ្លួន។

សវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានអ្នកច្បាប់ និងអ្នកសង្កេតការណ៍នានា ចាត់ទុកថា ជាសវនាការដែលបានប្រព្រឹត្ត ប្រកបដោយត្រឹមត្រូវតាមនីតិវិធីច្បាប់កម្ពុជា និងប្រកបដោយតម្លាភាព ដោយសារសវនាការនេះ បានប្រព្រឹត្តទៅជាសាធារណៈ ហើយអ្នកសារព័ត៌មាន, តំណាងអង្គការសង្គមស៊ីវិលមួយចំនួន, និងតំណាងទូតបរទេសមួយចំនួនផងដែរ ក៏ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតការណ៍ជាប់ជាប្រចាំនៅក្នុងសវនាការ។

សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់របស់លោក កឹម សុខា ដែលជាជនជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិនេះ ត្រូវបានធានាការពារបានយ៉ាងត្រឹមត្រូវ ហើយលោក កឹម សុខា បានពឹងពាក់មេធាវីដល់ទៅចំនួន៤រូប ដើម្បីជួយការពារក្តីឱ្យរូបលោកនៅក្នុងសំណុំរឿងនេះ។ បន្ថែមពីនេះភស្តុតាងនានា ត្រូវបានលើកមកពិភាក្សាដេញដោលក្នុងសវនាការម្តងមួយៗ ទៅតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព, ភាពហ្មត់ចត់ និង ភាពម៉ឺងម៉ាត់ ក្រោមការសង្កេតការណ៍ដោយយកចិត្តទុកដាក់ពីសំណាក់តំណាងអង្គការសង្គមស៊ីវិលនានា, តំណាងអង្គទូត, អ្នកកាសែត និងសាធារណៈដែលបានចូលរួមក្នុងសវនាការ សំដៅរកឱ្យឃើញការពិតប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងសំណុំរឿងនេះថា តើ លោក កឹម សុខា ពិតជាបានប្រព្រឹត្តអំពីក្បត់ជាតិ ដោយស៊ុមគ្រលុំ ឬ ត្រូវរ៉ូវគ្នាជាមួយបរទេសក្នុងការរៀបចំផែនការសម្ងាត់ និងចាត់តាំងអនុវត្តផែនការនេះជាជំហាន សំដៅឈានទៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាមែនដែរ ឬទេ?

ដើមចមនៃបញ្ហា និងមូលដ្ឋានសំខាន់នៅក្នុងការចោទប្រកាន់នៅក្នុងសំណុំរឿងនេះ គឺជាវីដេអូឃ្លីបមួយដែលបែកធ្លាយជាសាធារណៈ តាមបណ្តាញសង្គម កាលពីឆ្នាំ២០១៧ ដែលនៅក្នុងវីដេអូឃ្លីបនេះ លោក កឹម សុខា បានរៀបរាប់ដោយផ្ទាល់ខ្លួនឯង អំពីរបៀបដែលគាត់ ត្រូវបានបរទេសយកទៅបណ្តុះបណ្តាល ហើយរៀបចំផែនការសម្ងាត់ និងរបៀបនៃដំណើរការអនុវត្តផែនការសម្ងាត់នេះ ជាជំហានៗ ដោយមានការគាំទ្រពីបរទេស សំដៅឈានឆ្ពោះទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ វីដេអូឃ្លីបនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយប្រជាពលរដ្ឋទូទៅបានដឹងអំពីខ្លឹមសារនៃផែនការនេះ និងរបៀបដែល កឹម សុខា ធ្វើការតាមផែនការសម្ងាត់មួយក្រោមការរៀបចំ និងជួយចាត់ចែងគាំទ្រពីបរទេស។

វីដេអូឃ្លីបនេះ ដំបូងឡើយត្រូវបានភាគីលោក កឹម សុខា ចោទថា ជាវីដេអូដែលមានការកាត់ត ឬជាវីដេអូមិនពិត ហើយភាគីលោក កឹម សុខា បានយកវីដេអូដើម ដាក់ជូនតុលាការ ដើម្បីធ្វើការផ្ទៀងផ្ទាត់។ បន្ទាប់ពីបានធ្វើការផ្ទៀងផ្ទាត់ដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងសវនាការជាសាធារណៈ ដែលមានការចូលរួមសង្កេតពីសាធារណជន អ្នកសារព័ត៌មាន និងតំណាងអង្គទូតផង, តុលាការបានរកឃើញថា វីដេអូឃ្លីបដែលប្រើប្រាស់ជាភស្តុតាងគោលក្នុងការចោទប្រកាន់ក្នុងសំណុំរឿង និង វីដេអូឃ្លីបដើម ដែលលោក កឹម សុខា បានយកមកបង្ហាញ និង ផ្ទៀងផ្ទាត់ក្នុងសវនាការ គឺជាវីដេអូដែលមានខ្លឹមសារដូចគ្នា។បច្ចុប្បន្ន វីដេអូដើមដែលលោក កឹម សុខា បានដាក់ចូលក្នុងសំណុំរឿង បានក្លាយជាមូលដ្ឋាននៃភស្តុតាងយ៉ាងរឹងមាំនៅក្នុងសំណុំរឿងនេះ ហើយតុលាការបានសម្រេចទទួលយកវិដេអូនេះ ដើម្បីប្រើប្រាស់ជាមូលដ្ឋាននៅក្នុងដំណើរការនៃនីតិវិធីក្នុងសំណុំរឿងនេះឥឡូវនេះ ស ឬខ្មៅ នឹងអាចដឹងច្បាស់នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះតុលាការនឹងធ្វើការប្រកាសសាលក្រមវិនិច័្ឆយ សេចក្តីក្នុងសំណុំរឿងនេះ បន្ទាប់ពីតុលាការបានពិនិត្យលើអង្គហេតុ, ភស្តុតាងនានាដែលបានដាក់ជូនតុលាការ, សេចក្តីសន្និដ្ឋានរបស់ភាគីទាំងអស់ ព្រមទាំងអង្គច្បាប់ដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកច្បាប់ដែលបានតាមដានដោយយកចិត្តទុកដាក់នូវសំណុំរឿង បានមើលឃើញនូវសេណារីយ៉ូចំនួន២ សម្រាប់ការវិនិច្ឆ័យសេចក្តីដោយតុលាការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

រចនាសម្ព័ន្ធចំនួន២នេះមានដូចតទៅ៖

ទី១៖ តុលាការពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដើម្បីបង្ហាញអំពីពិរុទ្ធភាពរបស់លោក កឹម សុខា ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ហើយសម្រេចឱ្យគាត់រួចខ្លួនពីបទចោទប្រកាន់។ នៅក្នុងសេណារីយ៉ូនេះ, លោក កឹម សុខា នឹងមានសិទ្ធិសេរីភាពពេញលេញ ដោយរួមទាំងសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញផងដែរ នៅពេលសាលក្រមចូលជាស្ថាពរ។ ប៉ុន្តែច្បាស់ណាស់ នៅក្នុងសេណារីយ៉ូនេះ ទាំងខាងតំណាងអយ្យការ ទាំងខាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ប្រាកដជាប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង ហើយសំណុំរឿងនេះ នឹងត្រូវអូសបន្លាយពេលវេលាបន្តទៅមុខទៀត រហូតដល់សាលាឧទ្ធរណ៍ និងអាចរហូតដល់តុលាការកំពូល នៅទីចុងបំផុត ហើយបម្រាមរបស់តុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងត្រូវបន្តមានអានុភាពបន្តទៀត លើកលែងតែមានសេចក្តីសម្រេចពិសេសដោយឡែករបស់តុលាការក្នុងការលុបវិធានការនេះ។

ប៉ុន្តែមានពន្លឺតិចតួចណាស់ ដោយសារតែភាគីលោក កឹម សុខា បានអនុវត្តកំហុសខាងយុទ្ធសាស្រ្តច្បាប់ ក្នុងការការពារខ្លួន ពិសេស រឿងភស្តុតាងជាវីដេអូឃ្លីប ដែលជាមូលដ្ឋានសំខាន់នៃភស្តុតាងក្នុងសំណុំរឿងនេះ។ ដំបូងឡើយ ភាគីលោក កឹម សុខា បានប្រើយុទ្ធសាស្រ្តទាត់ចោលភស្តុតាងជាវីដេអូឃ្លីប ដោយចោទថា ជាភស្តុតាងក្លែងក្លាយ ឬ ជាភស្តុតាងដែលមានការកាត់ ត។ ដូចបានបញ្ជាក់ជូនខាងលើ ភស្តុតាងជាវីដេអូឃ្លីបនេះ គឺជាភស្តុតាងសំខាន់ជាងគេក្នុងសំណុំរឿងនេះ។ ដោយពុំទាន់គិតដល់ភស្តុតាងផ្សេងទៀត ហើយយើងពិនិត្យត្រឹមតែលើខ្លឹមសារនៃសំដីរបស់ កឹម សុខា ក្នុងវីដេអូឃ្លីបប៉ុណ្ណោះគឺកុំថាឡើយអ្នកសិក្សាច្បាប់ ឬបញ្ញាវ័ន្តដែលមានចំណេះដឹងជ្រៅជ្រះ សូម្បីតែប្រជាពលរដ្ឋខ្មែរសាមញ្ញដែលមានគំនិតនិងឧត្តមគតិស្នហាជាតិ ក៏អាចយល់ដឹងបានច្បាស់ថា សម្តី កឹម សុខា ក្នុងវីដេអូឃ្លីបបង្ហាញថា «កឹម សុខា បានក្បត់កម្ពុជា» ទៅហើយ ព្រោះសម្តី កឹម សុខា បង្ហាញថា គាត់ត្រូវបានបរទេសយកទៅបណ្តុះបណ្តាល និង រៀបចំឱ្យក្លាយជាភ្នាក់ងាររបស់គេ ឬ ជាកូនជឹងរបស់គេ ក្នុងការអនុវត្តផែនការសម្ងាត់ ក្រោមការគាំទ្រ និង ការរៀបចំរបស់បរទេស ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមវិធីបដិវត្តពណ៌ ដោយយកគំរូតាមបដិវត្តពណ៌ទឹកក្រូចនៅយូហ្គូស្លាវី-ស៊ែរប៊ី។

ដូចនេះការណ៍ ដែលភាគីលោក កឹម សុខា បានយកវីដេអូដើម ទៅផ្ទៀងផ្ទាត់នឹងវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿង ហើយក្រោយផ្ទៀងផ្ទាត់ក្នុងសវនាការជាសាធារណៈឃើញថា វីដេអូទាំងពីរមានខ្លឹមសារដូចគ្នាទាក់ទងនឹងអង្គហេតុដែលជាបទចោទប្រកាន់ គឺភាគីលោក កឹម សុខា បានជួយសម្លាប់ភាពស្រពិចស្រពិលកន្លងមកលើរឿងវីដេអូឃ្លីបនេះ ហើយលែងអាចមានមធ្យោបាយបកក្រោយវិញបាន ដើម្បីបដិសេធភស្តុតាងនេះ។ មិនតែប៉ុណ្ណោះ កឹម សុខា ក៏បានបញ្ជាក់ក្នុងសវនាការថា សំដីក្នុងវីដេឃ្លីបដែលជាមូលដ្ឋាននៃភស្តុតាងក្នុងរឿងនេះ គឺពិតជាសំដីរបស់គាត់ពិតប្រាកដមែន។

ទី២៖ តុលាការរកឃើញពិរុទ្ធភាពរបស់លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ ហើយសម្រេចផ្ទន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេណារីយ៉ូដែលតុលាការរកឃើញពិរុទ្ធភាពរបស់ កឹម សុខា និង ផ្តន្ទាទោស កឹម សុខា គឺ ជាសេណារីយ៉ូដែលមានមូលដ្ឋានគ្រឹះរឹងមាំ ទាំងខាងភស្តុតាង ទាំងខាងផ្លូវច្បាប់ ដោយសារតំណាងអយ្យការ និង មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានភស្តុតាងដាក់បន្ទុកយ៉ាងរឹងមាំក្នុងដៃដាក់ជូនតុលាការ ហើយតុលាការបានទទួលយក ជាពិសេស គឺភស្តុតាងជាវីដេអូឃ្លីបដែល កឹម សុខា បាននិយាយរៀបរាប់អំពីផែនការសម្ងាត់ឃុបឃិតគ្នាជាមួយបរទេសក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមរូបភាពជាបដិវត្តពណ៌។

ភាពរឹងមាំនៃភស្តុតាងជាវីដេអូនេះ ក៏កើតចេញពីកំហុសខាងយុទ្ធសាស្រ្តការពារខ្លួនខាងផ្លូវច្បាប់របស់ភាគី កឹម សុខា នៅចំពោះមុខតុលាការ នាពេលសវនាការ ដោយដាក់បញ្ចូលនូវវីដេអូឃ្លីបដើមជូនតុលាការ ហើយតុលាការបានផ្លៀងផ្ទាត់ ក្នុងសវនាការជាសាធារណៈ ឃើញថា មានលក្ខណៈដូចគ្នាទៅនឹងវីដេអូជាភស្តុតាងដែលអយ្យការមានក្នុងដៃ និង ដាក់ចូលក្នុងសំណុំរឿង។
មូលដ្ឋានរឹងមាំនៃបទល្មើសដែលបង្ហាញអំពីការឃុបឃិតគ្នា ឬត្រូវរ៉ូវគ្នាជាមួយបរទេសក្នងការរៀបចំផែនការសម្ងាត់ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា គឺ អាចយល់បានយ៉ាងងាយស្រួលតាមរយៈសំដីលោក កឹម សុខា ដែលបានរៀបចំយ៉ាងក្បោះក្បាយនៅក្នុងវីដេអូឃ្លីប ដែលជាភស្តុតាងក្នុងសំណុំរឿង។ លោក កឹម សុខា បាននិយាយរៀបរាប់ក្នុងវីដេអូឃ្លីបថា៖

«តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិកកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ ក្នុងនាមជាអ្នកនយោបាយខែ្មរនៅក្នុងប្រទេស ដើម្បីឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេជួយមួយឆ្នាំខ្ញុំទៅម្តង តាំង១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរនោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តើគេឲ្យបង្កើតដើម្បីអី គេថាបើចង់ប្តូរអ្នកដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ
ប្តូរខាងលើបានទេ មុននឹងប្តូរខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្រនយោបាយ របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិក ដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយកម៉ូដែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ីដែលគេប្តូរមេដឹកនាំផ្តាច់ការ ម៉ីឡូសូវិច បាននោះ ម៉ីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបានដោយសារគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មានអ្នកណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះ យើងឈានដល់មួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឲ្យដឹង ហើយនៅបន្តទៀតដោយជោគជ័យយើងទទួលបាន ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការសាស្ត្រាចារ្យប្រូហ្វេស័រ នៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតុនឌីសី នៅទីក្រុងម៉ុនរេអាល ប្រទេសកាណាដា ដែលអាមេរិកកាំងគេជួលមក ដើម្បីការផ្តល់មតិឲ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនបានជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។

ជាទិដ្ឋភាពច្បាប់, ក្នុងសេណារីយ៉ូនេះ តុលាការអាចប្រកាសផ្តន្តាទោស កឹម សុខា តាមជម្រើសចំនួន៣យ៉ាងដូចតទៅ៖
ជម្រើសទី១៖ យោងតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ តុលាការអាចផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ។ តាមផ្លូវច្បាប់ ដោយសារទោសឧក្រិដ្ឋនេះ មានរយៈពេលលើសពី៥ឆ្នាំ, តុលាការមិនអាចសម្រេចធ្វើការព្យួរទោសសម្រាប់ទោសបែបនេះបានទេ។

ជម្រើសទី២៖ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ក្រោមលេសនៃសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ, ដូចនេះ ជាទូទៅ តុលាការអាចប្រកាសដាក់ទោសដាក់ពន្ធនាគារតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌផង និង ប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ រយៈពេល ៥ ឆ្នាំ ឬជាស្ថាពរ តាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌផង។ ការដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយនេះ ពុំមែនជារឿងថ្មីនោះទេ ដោយសារតែនាពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលជាប់ទោសពីបទឧបឃាត ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយផងដែរ។

ជម្រើសទី៣៖ ដោយសារបទល្មើសនេះ ជាបទល្មើសក្បត់ជាតិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយផង និងជាបទល្មើសឧក្រិដ្ឋផង, ដូចនេះ បន្ថែមពីការផ្តន្តាទោសដាក់ពន្ធនាគារតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និង ការប្រកាសទោសបន្ថែមដកសិទ្ធិពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ រយៈពេល ៥ ឆ្នាំ ឬជាស្ថាពរ តាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ, តុលាការមានលទ្ធភាពខ្ពស់ក្នុងការចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងសវនាការតែម្តង ដោយយោងតាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជាទិដ្ឋភាពច្បាប់, លទ្ធភាពតាមជម្រើសនេះ គឺខ្ពស់ជាងគេ ហើយម្យ៉ាងទៀត, នាពេលសវនាការចុងក្រោយនេះ តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានឱ្យតុលាការប្រើមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌក្នុងការឃុំខ្លួនលោក កឹម សុខា នៅក្នុងសវនាការប្រកាសសាលក្រមតែម្តង។ សង្ឃឹមថា មេធាវីរបស់ កឹម សុខា មានសមត្ថភាពគ្រប់គ្រាន់ខាងផ្នែកនីតិវិធី ដើម្បីយល់ដឹងលើទិដ្ឋភាពច្បាប់ត្រង់ចំណុចនេះ ហើយលើកហេតុផលសមស្រប ឬប្រើប្រាស់ការធានាចាំបាចចនានា ឱ្យបានគ្រប់គ្រាន់ដើម្បីតុលាការមានការជឿជាក់ និងមិនប្រើវិធានការឃុំខ្លួននៅថ្ងៃសវនាការ និង ប្រើវិធានការផ្សេងជំនួសវិញ។

ក្នុងនាមជាអ្នកតាមដានដោយយកចិត្តទុកដាក់ក្នុងសំណុំរឿងដ៏មានសារសំខាន់ សម្រាប់ប្រទេសជាតិមួយនេះ គឺបានបង្ហាញឱ្យឃើញថា ក្នុងកិច្ចដំណើរការនៃការរៀបចំ និង អនុវត្តផែនការសម្ងាត់ដោយឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមវិធីបដិវត្តពណ៌ដែលជាវិធីខុសច្បាប់ទាំងនេះ, សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ត្រូវយកមកធ្វើជាលេសបិទបាំងផែនការសម្ងាត់នេះ ហើយសូម្បីតែប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់មួយចំនួនធំ ដែលគាំទ្របក្សប្រឆាំងកន្លងមក ក៏ចាញ់បោកក្នុងឧបាយកលនេះដែរ ដោយពុំបានដឹងថា លោក កឹម សុខា ជាមនុស្សរបស់បរទេស, ស៊ុមគ្រលុំជាមួយបរទេស និង ក្បត់នឹងកម្ពុជាទាល់តែសោះ។សម្រាប់អ្នកស្រាវជ្រាវអំពីបញ្ហានយោបាយពិភពលោក ពិសេសអ្នកជំនាញខាងបដិពណ៌, ឃើញច្បាស់ណាស់ថា ផែនការនេះ គឺ មិនខុសពីផែនការនានា នៃការធ្វើបដិវត្តពណ៌ ដែលបានកើតឡើងក្នុងពិភពលោក ពិសេស ចុងក្រោយនេះ នៅប្រទេសលីប៊ី, ប្រទេសស៊ីរី, ជាដើម ដែលបានបង្កក្លាយជាសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសទាំងនេះ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់កម្ពុជា, អាជ្ញាធរមានសមត្ថកិច្ចបានចាត់ទុកថា ការចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីឈានទៅរំលាយគណបក្សសង្រ្គោះជាតិដោយតុលាការកំពូល កាលពីឆ្នាំ២០១៧ និងការចាប់ខ្លួនលោកម កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ គឺជាការរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងខាងនយោបាយ នៃបដិវត្តន៍ពណ៌ សំដៅធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាគ្រឹះរបស់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍ និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងមានដំណើរប្រព្រឹត្តទៅជាប្រក្រតី ស្របតាមច្បាប់ជាធរមាន។ ប៉ុន្តែប្រសិនបើស្លាក «សិទ្ធិមនុស្ស» និង ស្លាក «ប្រជាធិបតេយ្យ» ត្រូវបានធ្វើជាលេស ដើម្បីអនុវត្តផែនការសម្ងាត់ណាមួយដោយឃុបឃិតគ្នាជាមួយបរទេស សំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បដិវត្តពណ៌ ដែលជាមធ្យោបាយខុសច្បាប់, នោះ វានឹងមិនត្រឹមតែបំផ្លាញគុណតម្លៃនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ប៉ះពាល់ដល់សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា ដែលក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន បានឆ្លងកាត់នូវរឿងរ៉ាវដ៏ឈឺចាប់ដោយសារភ្លើងសង្រ្គាមក្នុងអតីតកាល យល់ច្បាស់ណាស់អំពីតំលៃនៃសន្តិភាព ហើយមិនត្រឹមតែនាំគ្នាអរគុណសន្តិភាពប៉ុណ្ណោះទេ ថែមទាំងប្តេជ្ញាការពារយ៉ាងដាច់ខាត និងតាមគ្រប់មធ្យោបាយ ដើម្បីបំផ្លាញចោលនូវរាល់ការប៉ុនប៉ងទាំងឡាយណាដែលអាចបំផ្លាញសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។

ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងសន្តិសុខជាតិនេះ ក៏ត្រូវបានអ្នកវិភាគមើលឃើញថា ជាការអនុវត្តច្បាប់ ដែលជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សំដៅពង្រឹងឯករាជ្យ និង អធិបតេយ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀត ការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ ក៏មិនធ្វើឱ្យប៉ះពាល់ផ្នែកផ្លូវច្បាប់ដល់រដ្ឋបរទេសណាមួយឡើយ ដោយហេតុថា៖

(ទី១)-រដ្ឋបរទេស ពុំមែនជាកម្មវត្ថុនៃបទល្មើសក្នុងបទចោទប្រកាន់នៅក្នុងសំណុំរឿងនេះ និង
(ទី២)-មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការមិនប្រើឈ្មោះរដ្ឋបរទេស នៅក្នុងសាលក្រមរបស់តុលាការឡើយ ដើម្បីធានាការពារផលប្រយោជន៍របស់ជាតិ និងទំនាក់ទនងល្អរវាងរដ្ឋបរទេស និងកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង