ហេតុអ្វីបានជាលោក Xi Jinping ចូលរួមក្នុងពិធីបើកបវេសនកាលសាលានេះ?
នៅថ្ងៃទី ១ ខែមីនា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិនបានចូលរួមក្នុងពិធីបើកបវេសនកាលឆមាសថ្មីរបស់សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកប្រធានរដ្ឋ Xi បានថ្លែងថា សាលានេះដែលមានប្រវត្តិសាស្ត្រ ៩០ ឆ្នាំមានតម្លៃពិសេស ។ ដូច្នេះ តើសាលាមជ្ឈិមបក្សកុម្មុយនីស្តចិនជាសាលាប្រភេទណា ? តើបណ្តុះបណ្តាលទេពកោសល្យប្រភេទណាសម្រាប់មជ្ឈិមបក្សកុម្មុយនីស្តចិន? តើនិស្សិតរៀនមុខវិជ្ជាអ្វីខ្លះនៅទីនេះ?
តើសាលាមជ្ឈិមបក្សកុម្មុយនីស្តចិនជាសាលាប្រភេទណា?
ពីមុនអតីតសាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនគឺជាសាលាលទ្ធិកុម្មុយនីស្តម៉ាក្សនិយមដែលបង្កើតឡើងដោយបក្សកុម្មុយនីស្តចិនកាលពីខែមីនាឆ្នាំ ១៩៣៣ ហើយសាលានេះត្រូវបានកែឈ្មោះទៅជាសាលាបក្សនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅឆ្នាំ ១៩៣៥ ។ សព្វថ្ងៃនេះ ទំនួលខុសត្រូវចម្បងរបស់សាលាបក្ស គឺបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់និងថ្នាក់កណ្តាលរបស់បក្សកុម្មុយនីស្តចិន កម្មាភិបាលវ័យក្មេង និងវ័យកណ្តាលដ៏ឆ្នើម អ្នកទទួលខុសត្រូវនៃសហគ្រាសរដ្ឋសំខាន់ៗ លេខាបក្សស្រុក(ក្រុង)និងកម្មាភិបាលជនជាតិភាគតិច ។ ទន្ទឹមនឹងនោះ សាលាបក្សក៏ជាស្ថាប័នសំខាន់ដែលជំរុញការកសាងគំនិតនិងទ្រឹស្តីរបស់បក្សកុម្មុយនីស្តចិន ។
នៅពេលដែលគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិនត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២១ មានសមាជិកត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ បានរីកចម្រើនទៅជាគណបក្សនយោបាយដ៏ធំបំផុតនៅលើពិភពលោកដែលមានសមាជិកជាង ៩៦ លាននាក់ ។ នៅពេលសិក្សាស្រាវជ្រាវអំពីបទពិសោធន៍ជោគជ័យរបស់គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បញ្ញាវន្តជាច្រើននៅលើពិភពលោកសម្គាល់ថា ការបង្កើតសាលាបក្ស ការយកចិត្តទុកដាក់ចំពោះការសិក្សានៅក្នុងបក្សនិងការបណ្តុះបណ្តាលកម្មាភិបាលបក្ស គឺជាអាថ៌កំបាំងមួយនៃភាពជោគជ័យរបស់គណៈកម្មធិការមជ្ឈិមបក្សកម្មុយនីស្តចិន ។
តើសាលាបក្សបណ្តុះបណ្តាលទេពកោសល្យជនបែបណា?
នៅថ្ងៃទី ១ ខែមីនា ពេលដែលលោក Xi Jinping មេដឹកនាំកំពូលនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមកិច្ចប្រជុំអបអរសាទរខួបលើកទី ៩០ នៃការបង្កើតសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងពិធីបើកបវេសនកាលឆមាសរដូវផ្ការីកឆ្នាំ ២០២៣ លោកបានគូសបញ្ជាក់ថា ត្រូវធ្វើការបែបនេះ “បក្សត្រូវការកម្មាភិបាលប្រភេទណា សាលាបក្សនឹងបណ្តុះបណ្តាលកម្មាភិបាលប្រភេទនោះ ។ តើបញ្ហាសំខាន់ៗអ្វីដែលត្រូវសិក្សាស្រាវជ្រាវនិងដោះស្រាយនោះ សាលាបក្សនឹងព្យាយាមផ្តល់មតិយោបល់លើវិស័យទាំងនោះ។” “សាលាបក្សគឺជាសាលាដ៏សំខាន់សម្រាប់ការអប់រំនិងបណ្តុះបណ្តាលកម្មាភិបាល ត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលកម្មាភិបាលដែលមានភាពសក្តិសមសម្រាប់កិច្ចការសំខាន់នៃការស្តារជាតិឡើងវិញ”។
ក្នុងអំឡុងសម័យសង្រ្គាម សាលាបក្សនេះបានបណ្តុះបណ្តាលមេបញ្ជាការជាន់ខ្ពស់ដែលប្រើប្រាស់នូវទ្រឹស្តីបដិវត្តន៍ បន្ទាប់ពីប្រទេសចិនថ្មីបង្កើតឡើង សាលាបក្សនេះបានបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ដែលដឹកនាំប្រជាជនផ្លាស់ប្តូរមុខមាត់ក្រីក្រនិងទន់ខ្សោយរបស់ប្រទេសចិន ។ សព្វថ្ងៃ សាលាបក្សនេះកំពុងបណ្ដុះបណ្ដាលធនធានមនុស្សរបស់អ្នកកាន់អំណាចដែលដឹកនាំប្រជាជនកសាងប្រទេសសង្គមនិយមទំនើប ។
លោក Xi Jinping បានថ្លែងថា សាលាបក្សត្រូវបន្តវេននូវសច្ចពិតនៃលទ្ធិម៉ាក្សនិយម បង្រៀនយុទ្ធសាស្ត្រអំពីការជំរុញកំណែទម្រង់ ការអភិវឌ្ឍនិងស្ថិរភាព ហើយបកស្រាយនូវចម្ងល់របស់សិស្សក្នុងការសិក្សានិងការអនុវត្តរបស់ពួកគេ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ និងជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ ៕