ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងអភិបាលខេត្ត អញ្ជើញគោរព វិញ្ញាណក្ខន្ធសព លោក វង ឆន សមាជិកក្រុមប្រឹក្សាស្រុកគិរីវង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងអស់លោក លោកស្រីក្នុងជួរគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វង ឆន សមាជិកក្រុមប្រឹក្សាស្រុកគិរីវង់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសពត្រូវបានកម្កល់ទុកនៅឯគេហដ្ឋានសម្រាប់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់លោក វង ឆនជាសមាជិកក្រុមប្រឹក្សាស្រុកដែលកន្លងមកខិតខំបំពេញការងារនិងលះបង់គ្រប់បែបយ៉ាងចំពោះជាតិមាតុភូមិក្នុងការរួមចំណែកធ្វើអោយមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើន ពិសេសបំពេញភារកិច្ចជាស្វាមី ឪពុក ជាទីស្រលាញ់ និងជាទីគោរពរបស់កូនៗគ្រប់រូប ដែលមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ដែលបានពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សាកូនៗ តាំងពីតូច ហើយនេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់គ្រួសារនៃសព ។
ជាមួយគ្នានោះអភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ក៏បាននាំយកថវិការមួយចំនួនរបស់រដ្ឋបាលខេត្ត ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ៕