សម្ដេច ស ខេង និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុ មហាឧបាសិកា ស ស៊ន់ និងឧបាសក ឈុន ឈាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុ មហាឧបាសិកា ស ស៊ន់ និងឧបាសក ឈុន ឈាន ព្រមទាំងញាតិកាលទាំង៧សន្ដាន។
ពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុនេះ បានប្រារព្ធឡើងនៅវត្តរតនសិលាក្របៅថ្មី ស្ថិតនៅភូមិអណ្ដូងស្នាក ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាភូមិកំណើតក្រុមគ្រួសារសម្ដេចក្រឡាហោម ស ខេង។ អដិ្ឋធាតុមហាឧបាសិកា ស ស៊ន់ ត្រូវបានដង្ហែពីគេហដ្ឋានកូនចៅនៅរាជធានីភ្នំពេញ កាលីថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសនៃពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុនោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធធ្វើនូវបទនមស្ការ សមាទានសីល និងនិមន្តព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណាភិធម្ម និងរាប់បាត្រព្រះសង្ឃ៧៤អង្គ ព្រមទាំងបានបរិច្ចាគទានជូនចាស់ព្រឹទ្ធាចារ្យ៩៩នាក់ នៅក្នុងពិធីនេះប្រកបដោយសេចក្ដីជ្រះថ្លាយ៉ាងក្រៃលែង។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោយបានរំលឹកអំពីប្រវត្តិក្រុមគ្រួសារសម្ដេចនៅភូមិកំណើតនេះ ពិសេសប្រវត្តិឆ្លងកាត់សង្គ្រាមបែកបាក់ និងផលនៃការបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍទាំងនៅក្នុងមូលដ្ឋានឃុំក្របៅ និងនៅទូទាំងប្រទេស។
ឆ្លៀតឱកាសនោះផងដែរ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់ៗ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕