សម្ដេចតេជោ ស្នើក្រុមហ៊ុនចិន ពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលអាចនាំចេញទៅកាន់ ប្រទេសក្រៅ និងអាចប្រើប្រាស់នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ ក្រុមហ៊ុនចិនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផង។
ការស្នើរបស់សម្ដេចបានធ្វើឡើង ក្នុងជំនួបជាមួយលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ។
តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងនៅក្រោយជំនួប ថាលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment group បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ពីសំណាក់ឯកឧត្តមអគ្គលេខាធិការបក្ស ខេត្តយូណាន និងឯកឧត្តមអភិបាលខេត្តយូណាន។
លោក Liu Minglin ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីបំណងចង់ធ្វើការផ្សព្វផ្សាយអំពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា ហើយ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង៕