ទំនាស់ពាក្យសម្ដី ឈានដល់ករណីឃាតកម្ម បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ នៅស្រុកមណ្ឌលសីមា
ភ្នំពេញ៖ ទំនាស់ពាក្យសម្ដី ឈានដល់ករណីឃាតកម្ម បណ្ដាលឲ្យយុវជនម្នាក់ស្លាប់។ ករណីនេះបានកើតឡើង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង៣និង៤០នាទីទាបភ្លឺ នៅចំណុចមុខក្លោងទ្វារសួនសត្វ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
នគរបាលស្រុកមណ្ឌលសីមាបានឲ្យដឹងថា អ្នកដែលស្លាប់នោះមាន ឈ្មោះ បឿន ប៊ុនហេង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ-ឃុំខាងលើ និងរបួសស្រាល ១ នាក់ឈ្មោះ ឈ្មោះ ហេង ចាន់ដារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅ ភូមិ-ឃុំកើតហេតុខាងលើ រីឯជនសង្ស័យមានគ្នាចំនួន ២ នាក់ ទី១ ឈ្មោះ ហេង សៅឌី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចុងភៅចិន ភូមិ-ឃុំកើតហេតុខាងលើ (រត់គេចខ្លួន) និងទី២ មានឈ្មោះ ហ៊ុយ ហៃទី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ចុងភៅចិន ស្នាក់នៅអាគារចិន ភូមិ-ឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) ដោយបានធ្វើសកម្មភាព យកកូនកាំបិត ចាក់ទៅជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។
ករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ រីឯ ១នាក់ទៀត បានរត់គេចខ្លួន។
បច្ចុប្បន្ន កំពុងបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកជនសង្ស័យបន្តទៀត៕