ឯកឧត្តម ជិន ម៉ាលីន ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាត សហភាពអន្តរសភាលើកទី១៤៦ នៅបារ៉ែន
ភ្នំពេញ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាកម្ពុជា ដែលត្រូវអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ នៅទីក្រុងម៉ាណាម៉ា ព្រះរាជាណាចក្របារ៉ែន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ព័ត៌មានពិស្តារ អំពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិ ការអនុវត្តច្បាប់ នីតិវិធីតុលាការ និងកិច្ចការសិទ្ធិមនុស្ស ជូនដល់គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ដើម្បីមានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU-146)។