សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសំណេះសំណាលប្រតិភូស្រ្តីមកពីគ្រប់ក្រសួងថ្នាក់ជាតិ និងក្រោមជាតិប្រមាណជាង២០០នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៧ ខែមីនាឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង២០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា សម្តេចប្រធានរដ្ឋសភា តែងតែទទួលជួបគណៈប្រតិភូស្រ្តីនៅរៀងរាល់ឆ្នាំ ប៉ុន្តែការជួបជុំបានអាក់ខាន២ឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបតែនៅឆ្នាំនេះការជួបជុំបានរៀបចំធ្វើឡើងវិញ។
ទិវាអន្តរជាតិនារីឆ្នាំនេះបានប្រារព្ធធ្វើឡើង ក្រោមមូលបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថាប្រធានបទឆ្នាំនេះ គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេសនីមួយៗ។
ប្រធានបទនេះក៏បានបង្ហាញពីគុណតម្លៃរបស់ស្រ្តី ជាពិសេសស្រ្តីកម្ពុជា ដែលបានរួមចំណែកធំធេង ទាំងកម្លាំងកាយ-ចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ដូចយើងទាំងអស់គ្នាបានដឹងហើយថា សន្តិភាព ដែលយើងកំពុងរីករាយជាមួយសព្វថ្ងៃនេះ រកបានមកដោយលំបាកបំផុត។ ដូចនេះយើងដាច់ខាត ត្រូវរក្សាសន្តិភាពនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សុខសន្តិភាពនិងស្ថិរភាពនយោបាយ ជាបុរេលក្ខណដ៏ចាំបាច់ មិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមជាតិនៅគ្រប់សម័យកាល។ យើងត្រូវចងចាំថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតស៊ូ លះបង់ និងពលីរបស់ស្រ្តីកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមវិភាគទានដ៏មានតម្លៃដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម ជាពិសេសក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្រ្តីបានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យ តាមដាន និងអនុម័តច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិ្តកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាសង្គតភាពស្របទៅនឹងបរិការណ៍នៃប្រទេសជាតិយើង។
កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ស្រ្តីក៏ដោយ តែក៏នៅមានបញ្ហាប្រឈម ជាច្រើន ដែលត្រូវបន្តរួមគ្នាដោះស្រាយ ក្នុងនោះរួមមានគម្លាតយេនឌ័រ ផ្នត់គំនិតសង្គមទៅលើស្រ្តី បញ្ហាហិង្សាលើស្រ្តីនិងក្មេងស្រីជាដើម តែបញ្ហាទាំងនេះនៅតែដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួមក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល។
ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការដៅស្រាយបញ្ហានៅសេសសល់នោះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គពិធី។
សម្តេចប្រធានរដ្ឋសភាមានអនុសាសន៍ បន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្ត្រីនៅក្នុងសង្គម និងលុប បំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជនងាយ រងគ្រោះ ដើម្បីធានាសម្រេចបាននូវសមភាពយេនឌ័រនិងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។
បន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធី ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍បៃតង ជាដើម ៕