នាយករដ្ឋមន្ត្រី ប្រកាសមិនញញើតក្នុងការប្រើគ្រប់វិធានការ លើអ្នកដែលមានបំណង បំផ្លាញសន្តិភាពកម្ពុជា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលបំផ្លាញសន្តិភាពរបស់កម្ពុជា។
នៅក្នុងឱកាសអញ្ជើញជាអធិបតិភាព ក្នុងពិធីបើកបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានចាត់ទុកថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាពទេនោះ សូមកុំនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺនិយាយត្រឹមតែសិទ្ធិរស់រានមានជីវិតប៉ុណ្ណោះ។
សម្ដេចបន្ថែមថា សម្តេចនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែង រក្សាសន្តិភាព នៅក្នុងប្រទេសរបស់កម្ពុជា។
«នរណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាព នៅក្នុងប្រទេសរបស់យើង យើងមិនញញើតជាមួយនឹងការប្រើគ្រប់មធ្យោបាយ និងវិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍប្រទេសរបស់យើង»។
សម្តេចតេជោបន្តថា សន្តិភាព ត្រូវដើរមុនអ្វីៗទាំងអស់ ហើយបើមិនមានសន្តិភាពនោះទេកុំនិយាយដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលត្រូវគិតសិទ្ធិរស់រានមានជីវិតជាមុន។ សម្តេចរំពឹងថាប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ច្បាស់ជាយល់អំពីអ្វីដែលរាជរដ្ឋាភិបាល ចាត់វិធានការដើម្បីសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីស្ថានភាពកម្ពុជា នៅក្នុងសម័យសង្គ្រាម ដែលសូម្បីតែជួបជុំគ្នាក៏មិនបានផង។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ៕