និស្សិតឆ្នើមកម្ពុជា៦រូប ត្រឡប់ដល់មាតុភូមិវិញ បន្ទាប់ពីចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀននៃបណ្តាប្រទេសអនុមហាតំបន់ទន្លេមេគង្គលើកទី២
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវនិស្សិតឆ្នើមរបស់កម្ពុជា៦រូប បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយពីបានចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦មាន៖ កម្ពុជា ចិន ថៃ វៀតណាម ឡាវ ភូមា កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាពនិងភាពជោគជ័យ។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងជាអ្នកសម្របសម្រួល បានឱ្យដឹងថា យុវជនទាំងអស់បានសម្តែងនូវទឹកចិត្តដោយមិនអាចបដិសេធបានទេថា កម្មវិធីនេះពិតជាបានផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដូចជា ការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន តាមរយ:ការបំពេញទស្សនកិច្ចសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍នៅចំការអាភៀនប្រវត្តិនៃគ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់ ពង្រីកបាននូវចំណេះដឹង និងទំនាក់ទំនងក្នុងនាមជាប្រទេសសហគមន៍តែមួយ វាសនាតែមួយ។
ឧត្តមសេនីយ៍ត្រី យិន យឿត បានបន្ថែមថា យុវនិស្សិតក៏បានសិក្សាស្វែងយល់ផ្ទាល់ពីដំណាំអាភៀន តំបន់ត្រីកោណមាស សារមន្ទីររបស់ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រាសាទបុរាណជាច្រើនពីសាកលវិទ្យាល័យធំៗ។ សិក្សាស្រាវជ្រាវបន្ថែមអំពីគម្រោង Roi jai Rak Farm ដែលបានបង្កើតឡើងនៅឆ្នាំ២០១៨ បានកែលម្អផ្ទៃដីនៅតំបន់ឈៀងម៉ៃ ដែលពីមុនគ្មានការយល់ដឹង មកជាតំបន់ដីកសិកម្ម ដាំដុះដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វដែលអាចរកកម្រៃ និងប្រាក់ចំណេញខ្ពស់។
ឧត្តមសេនីយ៍ត្រី យិន យឿត បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់បានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រទេសថៃ និងឡាវដែរបានទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅបំផុត ទាំងកន្លែងស្នាក់នៅ និងអាហារហូបចុក ប្រកបដោយសុខភាព ផាសុខភាព ហើយនឹងយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅផ្សព្វផ្សាយបន្តដល់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សារៀនសូត្រ នៅតាមសាកលវិទ្យាល័យតាមប្រទេសរៀងៗខ្លួន ព្រមទាំងនឹងពង្រឹងទំនាក់ទំនងជាបណ្តាញយុវជនសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌនៃការងារអប់រំ ទាំងរដ្ឋ និងឯកជនផងដែរ។
លោក Wichai Chaimonkhon អគ្គលេខាធិការ ONCB បានថ្លែងថា តំបន់ត្រីកោណមាស ជាកន្លែងផលិតគ្រឿងញៀនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ហើយបណ្តាញយុវជន គឺជាបណ្តាញដ៏សំខាន់មួយ ដែលជួយជំរុញដ៏មានសក្ដានុពលសម្រាប់ ការទប់ស្កាត់គ្រឿងញៀនប្រកបដោយប្រសិទ្ធភាព ពេលដែលពួកគេអភិវឌ្ឍជំនាញបានត្រឹមត្រូវ តាមអាយុរបស់ពួកគេ និងបានថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានគាំទ្រចាត់តំណាងវ័យក្មេងចូលរួមក្នុងកម្មវិធីនេះ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់មិត្តថៃ និងប្រទេសជាមិត្តដែលបានគាំទ្រ ដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបានចាត់យុវជនឆ្នើម៦រូប ចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានរយៈពេល១១ថ្ងៃ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសថៃ និងប្រទេសឡាវ៕