ឯកឧត្តម វ៉ា ថន អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តសិរីផល្លារាម ស្ថិតក្នុងភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ នាព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានារួមមាន៖ វិហារ កុដ្ឋ ឧបដ្ឋានសាលា របង ក្លោងទ្វា និងអណ្តូងទឹក ដែលចំណាយថវិការសរុបប្រមាណជាង២៥ម៉ឺន៨ពាន់ដុល្លាអាមេរិក ក្នុងវត្តសិរីផល្លារាម ស្ថិតក្នុងភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។
ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមនិងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផលនៃវិស័យព្រះពុទ្ធសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា និងប្រតិបត្តិតាមបែបប្រពៃណីសាសនា ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រទេសជាតិ មានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋមានភាពធូរ មានលទ្ធភាពនិងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ ជាមួយរាជរដ្ឋាភិបាលជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ពេលនេះ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រៅពីនេះ នៅក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាព និងសុខមាលភាពប្រជាជន ទាំងជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើសហគមន៍មានភាពសាំរឹងមាំ និងបានបើកប្រទេសឡើងវិញ ធ្វើឲ្យសេដ្ឋជាតិ និងប្រជាជនមានការកើនឡើងជាបន្តបន្ទាប់ ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលនៅខាំស្មៅជាមួយប្រជាពលរដ្ឋស្ថានភាពលំបាក គ្រប់កាល:ទេស: ដូច្នេះយើងទាំងអស់គ្នា ជាប្រពលរដ្ឋជាពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាថែរក្សាការពារនូវសមិទ្ធផលដែលមាននៅក្នុងមូលដ្ឋាន កើតចេញពីកត្តាសុខសន្តិភាព ដែលទទួលបានមកពីនយោបាយដឹកនាំរបស់សម្តេចតេជោ និងសុំឲ្យបងប្អូន លោកយាយលោកតា មកចូលរួមទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស និងគ្រប់គ្នា ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យកសាងចំនួន ៣លានរៀល និងផ្តល់ជូនលោកយាយលោកតាចំនួន៥០នាក់ នូវក្រណាត់សម្នាក់១ដុំ និងសារុងម្នាក់១ ដល់បងប្អូនដែលបានចូលរួមចំនួន ៥៨៣នាក់ផងដែរ ៕