នាយឧត្តមសេនីយ៍ កែវ វណ្ណថន៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានប្រវេសន៍ ទទួលជោគជ័យលើការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានប្រវេសន៍ ទទួលជោគជ័យលើការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅ ការចេញ-ចូល គឺគ្រប់គ្រងដោយយកចិត្តទុកដាក់ម្មត់ចត់ និងទទួលបានលទ្ធផលជាវិជ្ជមាន ពិសេសការចេញ-ចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិ ក៏ដូចជាការគ្រប់គ្រងស្នាក់នៅរបស់ជនបរទេស ដែលនៅផ្ទៃក្នុងប្រទេសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
បានប្រាប់អ្នកសារព័ត៌មានក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលេីកទិសទៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងទៀតថា ក្នុងឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានបណ្ដេញជនបរទេសដែលស្នាក់នៅដោយខុសច្បាប់ និងរត់គេចខ្លួនពីសំណាញ់ច្បាប់ពីបរទេសមកលាក់ខ្លួននៅកម្ពុជា សរុបចំនួន ៥,៨២៥នាក់ ក្នុងនោះមាន៤២សញ្ជាតិ។ សញ្ជាតិដែលបណ្ដេញចេញច្រើនជាងគេ គឺ ចិន, ថៃ, វៀតណាម, ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី ។
សម្រាប់ទិសដៅអនុវត្តបន្ដវិញ ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង បានអះអាងថា នឹងបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យការគ្រប់គ្រងតាមច្រកទ្វារ ក៏ដូចជាការគ្រប់គ្រងនៅក្នុងប្រទេសទាំងជនបរទេសដែលមកស្នាក់នៅ ទាំងមកប្រកបមុខរបរឲ្យបានម្មត់ចត់ និងបន្ដស្រាវជ្រាវរកឲ្យឃើញនូវជនបរទេសដែលគេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេស ហើយចូលមកកម្ពុជា ដោយត្រូវស្រាវជ្រាវរកឲ្យឃើញ និងបណ្ដេញចេញពីកម្ពុជា ហើយអនុវត្តច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារដែលមានជាធរមាន ។
បន្ថែមពីនេះ ដើម្បីរួមចំណែកពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា អគ្គនាយកដ្ឋានប្រវេសន៍ បានកំណត់ឲ្យមន្ដ្រីគ្រប់ច្រកទ្វារពង្រឹងការត្រួតពិនិត្យ ការចេញចូលរបស់ភ្ញៀវឲ្យបានម្មត់ចត់ ទាំងអ្នកដំណើរទូទៅ កីឡាករ និងអ្នកដែលមកចូលរួមគាំទ្រ ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានអំពាវនាវដល់ជនបរទេស ដែលមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាទេសចរណ៍ បម្រើការងារ ធ្វើការវិនិយោគ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្ដីពីអន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ៕