អភិបាលខេត្តកំពង់ធំ ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួលបានផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ២.០២០ម៉ែត្រ នៅក្រុងស្ទឹងសែន
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួលបានផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ២.០២០ម៉ែត្រ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ការថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ កែលម្អបន្ថែមពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដើម្បីប្រែក្លាយក្រុងស្ទឹងសែនកាត់តែស្អាត មានផ្លូវល្អប្រសើរ សម្រួលការធ្វើដំណើរប្រប្រជាពលរដ្ឋមានភាពងាយស្រួល និងផ្តល់សេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវភាពធូរធារ។
ឯកឧត្តម ងួន រតនៈ បានថ្លែងថា កត្តាសន្តិភាពនេះបានផ្ដល់ការអភិវឌ្ឍន៍បានច្រើនណាស់សម្រាប់ប្រទេសជាតិ ហើយនេះគឺជាសមិទ្ធផលមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលយើងបានរួមគ្នាអភិវឌ្ឍន៍ នៅតាមបណ្តា ឃុំ សង្កាត់ និងក្រុង ស្រុក ផ្សេងៗទៀត ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍គ្រប់វិស័យជាបន្តបន្ទាប់។
ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ អំពីថវិកាដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ថវិកាប្រចាំឆ្នាំមករដ្ឋបាលថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋាន ប៉ុន្តែថវិកាទាំងនោះ គឺមានចំនួនកំណត់ក្នុងការអភិវឌ្ឍ ៕