ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង៖ ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងការស្នើសុំកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងករណីកំហុសបច្ចេកទេស សាមីខ្លួនត្រូវតវ៉ាទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃលំនៅដ្ឋានរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋពេលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន នៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ទីកន្លែងកំណើត អាសយដ្ឋាន ឬព័ត៌មានផ្សេងៗទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបន្ថែមថា ក្នុងករណីពិនិត្យឃើញថា មានព័ត៌មានខុសពីព័ត៌មានក្នុងឯកសារ ឬភស្តុតាងផ្លូវការនានាដែលសាមីខ្លួនបានផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ សាមីខ្លួនត្រូវតវ៉ាទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅដ្ឋានរបស់ខ្លួន ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដែលមានព័ត៌មានខុស និងឯកសារភស្តុតាងផ្លូវការនានា ដែលផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបន្តថា ការកែតម្រូវព័ត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានទទួលការតវ៉ាសុំកែតម្រូវរបស់ប្រជាពលរដ្ឋនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ រហូតសល់ថ្ងៃប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានកែតម្រូវរួចជូនប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង បានបញ្ជាក់ថា ក្រៅពីកំហុសបច្ចេកទេស រាល់ការកែតម្រូវអត្តសញ្ញាណប័ណ្ណបានលុះត្រាតែមានការកែតម្រូវអត្រានុកូលដ្ឋានជាមុនតាមនីតិវិធី ឬ តាមការសម្រេចរបស់តុលាការ ៕