ឧត្តមសេនីយ៍ទោ សេង ធារិន ណែនាំដល់យោធាខេត្តពោធិ៍សាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានសភាពការណ៍ប្រែប្រួលនៅតាមព្រំដែន
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានណែនាំដល់យោធាខេត្តពោធិ៍សាត់ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានសភាពការណ៍ប្រែប្រួលនៅតាមព្រំដែន ក៏ដូចជាផ្ទៃក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ និងប្រមូលព័ត៌មានឲ្យបានទាន់ពេលវេលា រាយការណ៍ជូនថ្នាក់លើ។
ការណែនាំនេះបានធ្វើឡើង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ខណៈឧត្តមសេនីយ៍ទោ និងលោក ពៅ ពិសិដ្ឋ អភិបាលអភិបាលខេត្តស្តីទី អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។
លោក ពៅ ពិសិដ្ឋ អភិបាលអភិបាលខេត្តស្តីទី បានកោតសរសើរចំពោះតំបន់ប្រតិបត្តិការសឹករងខេត្ត ក៏ដូចជាយោធភូមិភាគទី៥ និងអង្គភាពកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការ ជាមួយគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្នុងរយៈពេលកន្លងមកនេះ លើផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាផ្នែកការងារជួយសង្គ្រោះប្រជាពលរដ្ឋ ពលករចំណាកស្រុក ក្នុងដំណាក់កាលជំងឺកូវីដ១៩ ពិសេសការពារដំណើរបេសកកម្មរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្តីនៃកម្ពុជា នៅវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ស្រុកវាលវែងនាពេលថ្មីៗនេះ។
លោកបានជម្រាបជូនថា សព្វថ្ងៃនេះអភិបាលខេត្ត កំពុងមមាញឹកក្នុងការកែលម្អរសោភ័ណភាពក្នុងទីប្រជុំជនខេត្ត ដោយបានដាក់បង្គោលភ្លើងតាមដងផ្លូវ តាមសួនច្បារ គូសគំនូសចរាចរណ៍តាមផ្លូវ តុបតែងបុរីវប្បធម៌កោះសំពៅមាស ដើម្បីរៀបចំប្រគុំតន្ត្រីនិងបាញ់កាំជ្រួច អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ជូនបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងសប្បាយរីករាយ ឆ្លើយតបទៅនឹងការដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកសុខសន្តិភាពជូន។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ សូមកោតសរសើរតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តបទបញ្ជារបស់ថ្នាក់លើគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យអង្គភាពសម្រេចភារកិច្ច និងមានស្នាដៃយ៉ាងធំធេង រកឃើញអ្នកដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក ទទួលបានមេដាយ ប័ណ្ណសរសើរ លិខិតសរសើរ ដែលត្រូវប្រគល់ជូននាពេលនេះ។
ឧត្តមសេនីយ៍ទោ សេង ធារិន បន្តទៀតថា “ដើម្បីអនុវត្តឲ្យបានជោគជ័យការពារជាតិឆ្នាំ២០២៣នេះ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ព ជើងគោក និងខិតខំការពារជំនះរាល់បញ្ហាប្រឈមផ្សេងៗរបស់អង្គភាព ដើម្បីទទួលបានជោគជ័យគ្រប់ភារកិច្ច។ បង្កើនការយកចិត្តទុកដាក់ តាមដានសភាពការណ៍ប្រែប្រួលនៅតាមព្រំដែន ក៏ដូចជាផ្ទៃក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ និងប្រមូលព័ត៌មានឲ្យបានទាន់ពេលវេលា រាយការណ៍ជូនថ្នាក់លើ”៕