គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាំយកទូរទស្សន៍ LCD ខ្នាត់ធំ ប្រគល់ជូនអង្គភាពច្រកចេញ-ចូលតែមួយ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សហការជាមួយអង្គការ UNFPA បានប្រគល់ ទូរទស្សន៍ LCD 65 អ៊ីង មួយឈុត រួមមាន ជើងទម្ររមួយ ស្ពីកឃ័រមួយ ប្រគល់ជូនអង្គភាពច្រកចេញចូលតែមួយសាលា បន្ទាយមានជ័យ។
ពិធីប្រគល់និងទទួល ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការ UNFPA ដែលបានផ្តល់ ទូរទស្សន៍ទូរទស្សន៍ LCD ខ្នាត់ធំជូនដល់អង្គភាពច្រកចេញចូលតែមួយ សម្រាប់ប្រើប្រាស់បង្ហាញនូវព័ត៌មានផ្សេងៗ ទៅតាមតម្រូវបង្ហាញជូនពលរដ្ឋនៅពេលមកទទួលសេវានៅច្រកចេញ-ចូលតែមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានប្រសាសន៍ថា ៖ កានាំយក ទូរទស្សន៍LCD នេះផ្តល់ជូនអង្គភាពច្រកចេញចូលនេះ ដើម្បីបង្កភាពងាយស្រួលក្នុងការបង្ហាញព័ត៌មានផ្សេងៗ ជូនដល់ពលរដ្ឋ ដែលមកទទួលសេវាពីអង្គភាពច្រក ក៏ដូចជាបង្ហាញពីសារពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព ដើម្បីពលរដ្ឋបានយល់ដឹង ដើម្បីយកទៅផ្សព្វផ្សាយបន្ត ក៏ដូចជាប្រើប្រាស់ទៅតាមតម្រូវការរបស់អង្គភាពច្រកចេញ-ចូលតែមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា បន្តថា ការនាំយក ទូរទស្សន៍ LCD ខ្នាត់ធំនេះ គឺជាលើកទី២ហើយ ដែលកាលពីលើកទី១ បានផ្តល់ អង្គភាពច្រកចេញចូលខេត្ត កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ៕