អគ្គនាយកដ្ឋានពន្ធនាគារ ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំពិធីផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយករង-ប្រធាននាយកដ្ឋានជំនាញទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ ១២៩នាក់។
នាឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ពុះពារឆ្លងកាត់ការលំបាក និងបានដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបាននាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតគួរជាទីមោទកៈ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ បន្ថែមថា ឆ្នាំ២០២២កន្លងទៅនេះ ការងារពន្ធនាគារមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីគ្រប់គ្រងបានជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក្នុងនោះ មន្ត្រីពន្ធនាគារ និងជនជាប់ឃុំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន កំពុងបន្តជំរុញចាក់ដូសទី៥ ដល់មន្ត្រីពន្ធនាគារ ប្រមាណ ៤៥% និង ដល់ជនជាប់ឃុំ ប្រមាណ ៥២% និងកំពុងដំណើរការចាក់ដូសទី៦ បន្តបន្ទាប់ទៀតផងដែរ។
លើសពីនេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ ក៏បានកត់សម្គាល់ចំពោះសមិទ្ធផលរួម ជាទូទៅការប្រព្រឹត្តទៅនៃគ្រប់សកម្មភាពការងាររបស់ អគ្គនាយកដ្ឋាន និងបណ្តាអង្គភាពចំណុះ បានដំណើរការដោយភាពល្អប្រសើរ ជាមួយនឹងការពង្រឹង អនុវត្តច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា ព្រមជាមួយនឹងការកសាងលើកកម្ពស់សមត្ថភាពស្ថាប័ន សមត្ថភាពមន្រ្តី ការលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះតួនាទីភារកិច្ចនៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងជំនាញ ជាពិសេស ការងារកសាង ជួសជុល កែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងការងារផ្តល់សេវាថែទាំសុខភាពអនាម័យជនជាប់ឃុំ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ តោ ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអាននូវរបាយការណ៍ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលបានសម្រេចក្នុងសន្និបាត នាពេលកន្លងទៅ លើកិច្ចការពន្ធនាគារ ដែលរួមមានដូចជា ៖ បន្តលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំកែប្រែស្តារនីតិសម្បទា កម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ កម្មវិធីសមាហរណកម្ម និងកម្មវិធីសេវាសុខភាពពន្ធនាគារ ឱ្យស្របតាមគោលនយោបាយកំណែទម្រង់ពន្ធនាគារ ហើយបន្តសហការជាមួយដៃគូរអភិវឌ្ឍន៍នានា ជំរុញការអនុវត្តគម្រោងសាងសង់ ជួសជុល កែលម្អអគារឃុំឃាំង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងពន្ធនាគារ ដើរទន្ទឹមនឹងការលើកកម្ពស់កិច្ចសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការអាទិភាពចាំបាច់ដើម្បីដោះស្រាយភាពចង្អៀតណែនរបស់ជនជាប់ឃុំ ។
ឯកឧត្តម អគ្គនាយករង បន្ដថា ចំពោះមុខនឹងបន្តពិនិត្យសិក្សា រៀបចំក្របខ័ណ្ឌនានា សម្រាប់គាំទ្រដល់ការបង្កើតមណ្ឌលគ្រប់គ្រងទណ្ឌិតពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ គម្រោងសាងសង់ពន្ធនាគារខេត្តកណ្តាលថ្មីនៅស្រុកស្អាង និងគម្រោងពន្ធនាគារថ្មីខេត្តស្វាយរៀង ព្រមទាំងបន្តពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពពន្ធនាគារ ការងារគណៈកម្មការធ្វើចំណាត់ថ្នាក់ សន្តិសុខជនជាប់ឃុំ ការរៀបចំឃុំឃាំងតាមនីតិវិធី ការអនុវត្តបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងការពង្រឹងប្រសិទ្ធភាព ត្រួតពិនិត្យ ឆែកឆេរ ទប់ស្កាត់ការនាំចូលវត្ថុ សម្ភារហាមឃាត់ចូលពន្ធនាគារជាដើម៕