លោកជំទាវ ម៉ុម ថានី អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងវិស័យបរិស្ថាន
ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងវិស័យបរិស្ថាន ដែលរៀបចំឡើងកាលពីថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។
សិក្ខាសាលានេះមានការចូលរួមពី លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ក្រុមការងារគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យបរិស្ថាន ជនបង្គោលយេនឌ័រចំណុះអគ្គនាយកដ្ឋាន-នាយកដ្ឋាន មន្ទីរបរិស្ថាន រាជធានីខេត្ត និងក្រុមការងារបណ្តាញសហគមន៍ថ្នាក់តំបន់ សរុបប្រមាណជាង ៧០នាក់។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាស៍ថា «ស្របតាមកាដាក់ចេញនូវច្បាប់ និងគោលនយោបាយដើម្បីការពារសិទ្ធិស្ត្រីនៅកម្ពុជា ក្រសួងបរិស្ថានបានកំណត់គោលដៅជាយុទ្ធសាស្រ្ត ដោយឈរលើសសរស្តម្ភទាំង៤ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព និងបានគិតគូរផងដែរក្នុងការបញ្ជ្រាបបញ្ហាយេនឌ័រនៅក្នុងកម្មវិធី និងសកម្មភាពនានាក្នុងវិស័យបរិស្ថាន ដោយផ្តោតទៅលើការយកចិត្តទុកដាក់លើស្ត្រីតាមរយៈការលើកកម្ពស់សមត្ថភាព ការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការ ការដំឡើងតួនាទីស្ត្រីជាថ្នាក់ដឹកនាំ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី»។
លោកជំទាវបានលើកឡើងជាអនុសាស៍ចំនួន ៣ចំនុច ដើម្បីធ្វើឱ្យការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់ស្រ្តីក្នុងវិស័យបរិស្ថានឱ្យកាន់តែល្អប្រសើរឡើង រួមមាន៖
១.ការចូលរួមរបស់អ្នកពាក់ព័ន្ធគ្រប់កំរិតជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន , ២.ការគិតគូរ និងបន្តការអភិវឌ្ឍសមត្ថភាព , ៣.អនុវត្តតួនាទី និងភារកិច្ចតាមការចាត់តាំង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការរៀបចំជាវេទិកាជជែកពិភាក្សា ចំនួន ៣វគ្គ ដើម្បីចែករំលែកអំពីបទពិសោធន៍ វឌ្ឍនភាព បញ្ហាប្រឈម ទៅលើប្រធានបទចំនួន ៣ រួមមាន៖
១.ដំណើរការនៃការបញ្ជ្រាប យេនឌ័រក្នុងអង្គភាព
២.ការចូលរួម និងការគាំទ្រស្រ្តីក្នុងភាពជាអ្នកដឹកនាំ
៣.ក្រុមការងារ និងការគាំទ្រ សកម្មភាពបញ្ជ្រាបយេនឌ័រ៕