ក្រសួងវប្បធម៌ ធ្វើពិធីបួងសួងសុំសេចក្តីសុខ និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិមរតកតេជោ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ ចម្រុងចម្រើន និងជោគជ័យ ជូនសិល្បករសិល្បការិនី សិស្សានុសិស្ស ព្រមកងកម្លាំងទាំងអស់ដែលចូលរួមហាត់សមការសម្តែងសិល្បៈសម្រាប់ពិធីបើកកីឡាសុីហ្គេម ក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។
យោងតាមរបាយការណ៍ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាតំណាងក្រុមការងាររៀបចំទស្សនីយភាពសិល្បៈបើកព្រឹត្តិការណ៍ SEAGAMES លើកទី៣២ ឆ្នាំ២០២៣ បានអោយដឹងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែង៥៥នាទី ក្នុងនោះបានបែងចែកជា៥វគ្គ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគតកម្ពុជា, សហគមជោគវាសនាតែមួយដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត ព្រមទាំងកងអង្គភាពមួយនៃកងយោធពលខេមរភូមិន្ទ ចូលរួមសរុបចំនួន៣,២៩២នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់ដែលបានលះបង់ពេលវេលា កម្លាំងកាយប្រាជ្ញាស្មារតី ចូលរួមហ្វឹកហាត់ដើម្បីត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់នៃកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ សកម្មភាពនេះ មិនត្រឹមតែជាការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាលះបង់ប្រកបដោយគុណតម្លៃសម្រាប់ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ៕