ក្រសួងទេសចរណ៍ អំពាវនាវឲ្យភ្ញៀវទេសចរទៅទស្សនា «បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត»
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី «បាតុភូតធម្មជាតិព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ឬ EQUINOX
ដែលកើតឡើងចន្លោះថ្ងៃទី២០ ឬ២១ ឬ២២ ឬ២៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលជាទស្សនីយភាពពិសេសមួយសម្រាប់ភ្ញៀវទេសចរផងដែរ។
គួរជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន២លើក នៅខែមីនាម្ដង និងខែកញ្ញាម្ដងទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យយ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅឆ្នាំ២០២៣ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីព្រឹក ដែលជារៀងរាល់ឆ្នាំតែងមានភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់បានចូលរួមទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្រសួងទេសចរណ៍បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»៕