ឯកឧត្តម ងួន រតនៈ អំពាវនាវឲ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពម្តាយ និងកូន
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពម្តាយ និងកូន ជៀងវាងមានគ្រោះថ្នាក់ជាយថាហេតុ។
ការអំពាវនាវនេះ ត្រូវបានឯកឧត្តម ថ្លែងនៅក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ក្រោមប្រធានបទ(រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានផ្តល់នូវអនុសាសន៍ល្អៗចំនួន ៦ចំណុច ដល់ស្ត្រីមានផ្ទៃពោះ រួមមាន៖
១* សូមទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្តាយទៅកូន។
២* ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះ បណ្តាលត្រឹមត្រូវ។
៣* ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
៤* បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
៥* ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវ ដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការ ព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។
៦* សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
គួរបញ្ជាក់ផងដែលថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ ព្រមទាំងចាស់ជរាគ្មានទីពឹង និងស្រ្តីមេមាយសរុបចំនួន១០៣គ្រួសារ ចំពោះស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេមានចំនួន៥២គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ សារុង មុងកូង៉ែត កន្សែងពោះគោ ម្សៅលាបខ្លួន សាប៊ូកក់សក់ ស្រោមដៃ ស្រោមជើង ស្ករស ទឹកដោះគោ អង្ករ មីជាតិ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ និងថវិកា ៥០,០០០រៀល។ ចាស់ជរាគ្មានទីពឹង និងស្រ្តីមេមាយចំនួន ៥១គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ មីជាតិ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវផងដែរ ៕