ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញតំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី នៃសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា មកបំភ្លឺលើវិសោធនកម្ម ប្រការចំនួន១០
ភ្នំពេញ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញតំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី នៃសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដើម្បីមកបំភ្លឺលើវិសោធនកម្ម ប្រការ ចំនួន១០ គឺប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជើញតំណាងសមាជិកព្រឹទ្ធមកបំភ្លឺ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និសីទ នាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើរបស់លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ៕