ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន នាពេលខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ការចុះពិនិត្យនៅទីតាំងផ្ទាល់នេះឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថាស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២.២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកម្ពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ(បូកទាំងឃឿន)។
ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមថែរក្សានៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមាននៅក្នុងសហគមន៍ ដែលជាសារៈប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។ សមិទ្ធផលមួយចំនួនដែលកើតចេញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕