លោកជំទាវ ឡោក ខេង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិវត្តន៍ជនចំនួន ៦៩នាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ចំនួន ៦៩នាក់ នៅសាលប្រជុំសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍រំលឹកពីអតីតកាលនៃការរស់រានមានជីវិតទាំងពីរលេីក ក្នុងនោះគឺការរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការរួចផុតពីជម្ងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានលើកឡើងពីការអភិវឌ្ឍ និងពីផលប្រយោជន៍របស់បងប្អូនក្រីក្រ បងប្អូនប្រកបមុខរបរជាលក្ខណ:សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវមូលនិធិជាតិជំនួយសង្គម របបគាំពារសង្គម របបសន្តិសុខសង្គម និងការត្រៀមរៀបចំការបណ្តុះបណ្តាលគាំទ្រយុវជនអោយមានចំណេះដឹងវិជ្ជាជីវ:ជំនាញចូលរួមទីផ្សារបង្កេីនសេដ្ឋកិច្ចជាតិ។
លោកជំទាវក៏បានផ្សព្វផ្សាយលេីកទឹកចិត្តបងប្អូនអោយជម្រុញគាំទ្រកូនៗខិតខំរៀនផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាដេីរអោយទាន់សម័យសង្គមសេដ្ឋកិច្ចឌីជីថល និងចូលរួមអបអរសាទរថ្ងៃប្រកួតកីឡាសុីហ្គេម និងប៉ារ៉ាហ្គេម អោយបានកុះករ ព្រោះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់លេីកកម្ពស់កិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិបន្ថែមទៀតក្នុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានផ្តល់ជូនក្រមា រួមទាំងថវិកាឧបត្ថម្ភរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ផងដែរ ៕