ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះ ខាត ចំនួន១៥គ្រួសារ នៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងប្រាសាទសំបូរ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេ លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារអតីតយុទ្ធជននៅក្នុងស្រុកប្រាសាទសំបូរទាំងអស់ សូមទទួលបាននូវសេចក្តីសុខ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងសូមថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ចំពោះអតីតយុទ្ធជន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ រហូតដល់ធ្លាក់ខ្លួនពិការនិងមួយចំនួនទៀតបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ ហើយបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព ដើម្បីបន្តរួមគ្នាថែរក្សាសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។
នៅក្នុងឱកាស នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំ យកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលីទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ៕