ប្រជាពលរដ្ឋនៅឃុំត្បូងក្រពើ និងឃុំព្រែកគុយ គោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែន
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ ស្ពាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែនដែលតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ស្ពាននេះត្រូវបានសាងសង់ ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង ១៨០ម៉ែត្រ × ៨.៨ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់អស់ ១.៣លានដុល្លារសហរដ្ឋអាមេរិក ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សប្បុរសជន តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ នាឱកាសដែរ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣ ។
ប្រជាពលរដ្ឋទាំងពីរឃុំក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនក្នុងថ្ងៃនេះ ។
សមិទ្ធផលស្ពានមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ សង្ខាងស្ទឹងសែន ។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមាន ផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាង មកឆ្លងកាត់ ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។ ម៉្យាងទៀត សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ។ ជាពិសេស មកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍៕