នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរសើរការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាម និងមានភាពរីកចម្រើន
ភ្នំពេញ៖ ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានថ្លែងកោតសរសើរ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ថា «ខ្ញុំជឿជាក់ គតិបណ្ឌិតរបស់សម្ដេច ព្រោះថា សម្ដេចអាចរក្សាបានសន្ដិភាព នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញនៅកម្ពុជា បើសិនជាប្រៀបធៀប នឹងស្ថានភាពមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន»។
ឯកឧត្ដម អាន់វ៉ា បន្ថែមថា ប្រទេសមួយ ដែលញ៉ាំញីដោយសង្គ្រាមស៊ីវិល ហើយទីបំផុត ទទួលបានសន្ដិភាពពេញលេញ ហើយលោកទន្ទឹមរង់ចាំ នូវការចូលរួមចំណែករបស់សម្ដេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ដើម្បីផ្ដល់នូវទស្សនៈមួយចំនួន នៅក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ៕