សប្ដាហ៍ទី៤ នៃមីនា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់
ភ្នំពេញ៖ សប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៩,៤៧៧នាក់
* រាជធានីភ្នំពេញ ៣៨,៧៧៣នាក់
* ខេត្តសៀមរាប ៣៧,៣៩៤នាក់
* ខេត្តបាត់ដំបង ២៥,៩៧៤នាក់
* ខេត្តកំពត ២៤,៩២៩នាក់
* ខេត្តស្វាយរៀង ១៨,២៤១នាក់
* ខេត្តកំពង់ចាម ១៥,៤០២នាក់
* ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។
នាសប្តាហ៍កន្លងមក ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់។
សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដោទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ជាបណ្តើរៗសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ខណៈដែលក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានាក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។
មន្ទីរទេសចរណ៍រាជធានី-ខេត្តបាននិងកំពុងខិតខំផ្សព្វផ្សាយសារាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការបញ្ជាក់បង្ហាញតម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម៕